សម្ដេចក្រឡាហោម ស ខេង ៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២០
February 02, 2021    អ្នកទស្សនា :

តាមការខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវរបស់យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណៈការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឲ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២០។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាព្រឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសយកឆ្នាំ២០២០កន្លងទៅ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានដាក់ចេញនូវវិធានការនានាក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបានកើនឡើងនៅឆ្នាំ២០១៩ ក្នុងនោះបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកំពុងតែធ្វើវិសោធនកម្មច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែសមស្របតាមស្ថានភាពជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងអ្នកស្លាប់របួសឲ្យនៅចំនួនតិចតួចបំផុត។

ក្នុងនាមគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០កន្លងទៅនេះ៕ កញ្ញា

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ