សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ណែនាំដល់ផ្នែកពាក់ព័ន្ធ ដើម្បីពង្រឹងការងារជំរឿនឆ្នាំ២០១៩ និងការងាររៀបចំ គ្រប់គ្រងការងារស្ថិតិ
January 26, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធីបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ស្ថាប័ននានា ប្រតិភូរាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ចំនួន៥ ដល់ផ្នែកពាក់ព័ន្ធក្នុងគោលបំណងដើម្បីពង្រឹងការងារជំរឿនឆ្នាំ២០១៩ ក៏ដូចជាការងាររៀបចំ និងគ្រប់គ្រងការងារស្ថិតិ លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

ទី១. ត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត ។

ទី២. ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សំបូរបែប ធានាឆ្លើយតប សេចក្តីត្រូវការប្រីប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សាស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិតាមដែលអាចធ្វើបាន។

ទី៣. ត្រូវខិតខំបន្តប្រមូលធនធានពីបណ្តាដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿននានាឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្មជាដើម គឺមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសផងដែរ។

ទី៤. ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល កសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សជាប្រចាំ ពីព្រោះថាការងារស្ថិតិ ជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធនឹងគ្រប់វិស័យ ទាមទារការបណ្តុះបណ្តាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿន អង្កេត ដែលជាការបណ្តុះបណ្តាលក្នុងការងារជាក់ស្តែងផងដែរ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយ ដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់ណាស់ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ។

ទី៥. ត្រូវពង្រឹងប្រព័ន្ធស្ថិតិជាតិឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិស្ថិតិ យន្តការ សម្របសម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិជាដើម និងជំរុញការអភិវឌ្ឍប្រព័ន្ធស្ថិតិឱ្យស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាមយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងផ្សព្វផ្សាយលទ្ធផល ក៏ដូចជាប្រសិទ្ឋភាព និងការទទួលបាននូវទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាពគួរទុកចិត្តបាន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ