សម្ដេចក្រឡាហោម ស ខេង៖ ការធ្វើកំណែទម្រង់គ្រប់វិស័យ គឺដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ
January 26, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម បានលើកឡើងដែរថា ចំពោះវិស័យនគរបាល ក៏មានការកែទម្រង់ដែរ ដោយរិះរកវិធីដោះស្រាយឲ្យមន្ត្រីដែលមិនចេះអក្សរ ឬខ្វះចំណេះដឹង អាចបានរៀនសូត្របន្ថែម ឬបំពេញការងារអ្វីដែលពួកគាត់អាចធ្វើបាន តួយ៉ាងដូចជានគរបាលព្រំដែន ដែលមានភារកិច្ចធ្វើការនៅតាមព្រំដែន ត្រូវទទួលបានការបណ្ដុះបណ្ដាលកម្រិតសមត្ថភាព ឲ្យពេញលេញ ដើម្បីបំពេញការងារក្នុងការការពារបូរណភាពទឹកដីបានដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា កំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ ដោយមិនមែនផ្ដោតតែលើវិស័យនគរបាលនោះទេ ហើយការធ្វើកំណែទម្រង់នេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ។ សម្ដេចក្រឡាហោម បានបន្ថែមថា ការកែប្រែអ្វីដែលមិនមានល្អឲ្យទៅជាល្អ និងមានលក្ខណៈប្រសើរឡើង ទើបគេហៅថាកំណែទម្រង់ ជាពិសេសសម្រាប់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ពោលគឺមិនសំដៅតែលើបុគ្គលណានោះឡើយ។

ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់លើគ្រប់វិស័យនេះ សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ នឹងរួមគ្នាធ្វើកំណែទម្រង់នេះឲ្យមានប្រសិទ្ធភាពខ្ពស់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ