ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១
January 22, 2021    អ្នកទស្សនា :

នារសៀលថ្ងៃព្រហសហ្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ព្រមទាំងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកនៃក្រុមការងារមកពីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅសម្រាប់ការងារអនុវត្តបន្តក្នុងឆ្នាំ២០២១ ហើយក៏ដើម្បីប្រកាសសេចក្តីសម្រេចការកែសម្រួលសមាសភាព និងភារកិច្ចថ្មីរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយមានការចាំបាច់ច្រើនលើការងារទទួលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ទើបសមាសភាពក្រុមការងារចាស់ត្រូវបានកែសម្រួលបន្ថែមសមាសភាពថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទំហំការងារបច្ចុប្បន្ន ដែលមានសមាសភាពថ្មីចំនួន ២៥រូប ក្នុងនោះប្រធានចំនួន ១រូប អនុប្រធានចំនួន ៥រូប និងសមាជិកចំនួន ១៦រូប។

លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្តថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង គឺមានតួនាទីធ្វើជាសេនាធិការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទទួលរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិយោបល់ ឬសំណូមពរមកកាន់គេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ដើម្បីប្រមូលយកនូវមតិយោបល់នានាមកធ្វើការសម្របសម្រួលរៀបចំជាបណ្តុំ និងបញ្ជូនទៅអង្គភាពជំនាញពាក់ព័ន្ធជាសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារនេះឡើងគឺដើម្បីស្វែងយល់ឲ្យដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលកំពុងជួបផលលំបាក និងភាពមិនពេញចិត្តចំពោះមន្ត្រីថ្នាក់ក្រោមជាតិនៅមូលដ្ឋានអសកម្មក្នុងការងារដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ប្រមូលយកគ្រប់បញ្ហាយកមកដោះស្រាយ ក្នុងគោលបំណងដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងដើម្បីផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបម្រើដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។

សូមជម្រាបថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ក្នុងរយៈពេល៦ខែកន្លងមក គឺចាប់ពីខែកក្តដា ដល់ខែធ្នូ ឆ្នាំ២០២០ បានស្រង់យកមតិយោបល់ពីគណនីហ្វេសប៊ុកនានា ដែលបានរាយការណ៍ចូលមកផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានចំនួន៧៦៩ មតិយោបល់ក្នុងនោះអង្គភាពជំនាញបានបានដោះស្រាយបានចំនួន២៣៧ករណី និងនៅកំពុងដោយដោះស្រាយចំនួន២៨០ករណី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំពោះករណីសំណុំរឿងដែលមិនទាន់បានដោះស្រាយ គឺក្រុមការងារបានបញ្ជូនទៅតាមអង្គភាពពាក់ព័ន្ធជាសមត្ថកិច្ចក្នុងនាមអ្នកដោះស្រាយរួចអស់ហើយ ប៉ុន្តែក្រុមការងារកំពុងរង់ចាំលទ្ធផលដែលអង្គភាពជំនាញទទួលដោះស្រាយប្រគល់ជូនត្រឡប់មកវិញ។

ជាចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានបំពេញតួនាទីភារកិច្ចសម្រេចបានលទ្ធផលបានយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ក្នុងនេះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រុញដល់ក្រុមការងារឲ្យខិតខំធ្វើយ៉ាងណាពង្រឹងការងារ និងប្រមូលយកមតិយោលប់នានាដែលប្រជាពលរដ្ឋបានស្នើ ឬរាយការណ៍ពីបញ្ហាប្រឈមនានាចូលមកគេហទំព័ររបស់សម្តេចក្រឡាហោម ជាបន្តឲ្យបានខ្លាំងខ្លាបន្ថែមទៀតដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហានៅតាមមូលដ្ឋាន ហើយឯកឧត្តម នាយឧត្តមសេនីយ៍ សង្ឃឹមថាក្រុមការងារដែលមកពីតាមអង្គភាពនីមួយបាន ដែលបានទទួលភារកិច្ចតាមមុខសញ្ញារួចរាល់ហើយ និងប្រឹងប្រែងធ្វើការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ