សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩
November 07, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ស្តីពីការជំរឿនទូទៅប្រជាជនទូទាំងប្រទេស ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
សម្តេចក្រឡាហោម បានមានមតិស្វាគមន៍ចំពោះវត្តមានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមប្រជុំនេះ ហើយសម្តេចក៏សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ នឹងត្រៀមលក្ខណៈក្នុងការសហការទៅតាមតួនាទីរបស់ខ្លួន បន្ទាប់មកសម្តេចក៏បានអញ្ជើញ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ រាយរបាយការណ៍ការងាររៀបចំជំរឿន ជូនអង្គប្រជុំជ្រាប។
ឯកឧត្តម ឆាយ ថន បានធ្វើសេចក្តីរាយការណ៍ ស្តីពីការអនុវត្តន៍ការងារ និងការរៀបចំជំរឿនប្រជាជនទូទាំងប្រទេសដែលបានអនុវត្តកន្លង មក គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំជ្រាប។
-ការងារជំរឿនប្រជាជននៅកម្ពុជាបានធ្វើចំនួន០៣ដងរួចមកហើយ គឺនៅឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ដែលមានដៃគូជួយក្នុងការជំរឿន។ បច្ចុប្បន្ននេះ ក្នុងឆ្នាំ២០១៩ យើងនឹងគ្រោងប្រើប្រាស់មន្ត្រីសម្ភាសន៍ ៣៧៥០០នាក់ និងមន្ត្រីត្រួតពិនិត្យចំនួន ៩២០០នាក់ សរុបមានចំនួន៤៦៧០០នាក់ ដើម្បីចុះសម្ភាសន៍ សមាជិកគ្រួសារគ្រប់គ្រួសារទាំងអស់ក្នុងប្រទេស ដែលនឹងត្រូវចំណាយប្រាក់អស់ ៨៥៨៤៨៨០ដូល្លារអាមរិក។ និងបានអញ្ជើញលោកជំទាវ ហង់ លីណា ដើម្បីរាយការណ៍បន្ត។
បន្ទាប់មក លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងជាអគ្គនាយកជំរឿន ក៏បានធ្វើសេចក្តីរាយការណ៍គោរពជូន អំពីកាលបរិច្ឆេទលម្អិតសម្រាប់អនុវត្តជំរឿន តាំងពីពេលចាប់ផ្តើមរហូតដល់ចប់រួចរាល់ ដល់អង្គប្រជុំជ្រាបជាព័ត៌មានដូចខាងក្រោម៖
១.ជំរឿនឆ្នាំ ១៩៩៨ ត្រូវបានឧត្ថម្ភគាំទ្រទាំងស្រុងដោយ UNFPA
២.ជំរឿនឆ្នាំ ២០០៨ ចូលរួមឧត្ថម្ភគាំទ្ររាជរដ្ឋាភិបាលកម្ពុជា, UNFPA, JICA,  រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
៣.ជំរឿនប្រជាជនទូទៅនៅកម្ពុជាឆ្នាំ ២០១៩ ប្រើប្រាស់ថវិការដ្ឋាភិបាលស្ទើរទាំងស្រុង
៤.ការបណ្តុះបណ្តាលការគូសផែនទីភូមិ និងផែនទីមណ្ឌលជំរឿនបានធ្វើឡើងនៅដើមខែមិថុនាឆ្នាំ២០១៧
៥.ការគូសផែនទីភូមិ និងផែនទីមណ្ឌលជំរឿនបានធ្វើឡើងនៅដើមខែកក្កដា នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧
៦.ថវិកាជំរឿនខ្វះលើសកម្មភាពសំខាន់ៗ ដែលត្រូវចំណាយសរុប គឺ ៣៩៦៥៥៨៨ ដូល្លារអាមេរិក
៧.ជំហានបន្ទាប់ដែលត្រូវធ្វើនៃសកម្មភាពមូយៗនៅឆ្នាំ២០១៧និង២០១៨ គឺចាប់ពីខែ កុម្ភៈ២០១៨ ដល់ ខែមីនា ឆ្នាំ២០១៩
ជាចុងបញ្ចប់នៃកិច្ចប្រជុំ សម្តេចក្រឡាហោម បានឯកភាពទាំងស្រុង និងសំណូមពរដល់គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ទាំងអស់ ឱ្យខិតខំប្រឹងប្រែងអនុវត្តឱ្យមានគុណភាព គ្រប់ជ្រុងគ្រប់ជ្រោយ ធ្វើតាមស្តង់ដារជំរឿន ពិសេសត្រូវពិនិត្យឡើងវិញពេលវេលាដែលប្រើប្រាស់ក្នុងការជំរឿន និងខំស្វែងរកដំណោះស្រាយជាមួយដៃគូអង្គការក្នុងការជួយឧបត្ថម្ភក្នុងការអភិវឌ្ឍន៍គម្រោងជំរឿនបន្តទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ