ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
January 01, 2021    អ្នកទស្សនា :

ភំ្នពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព និងនាយការិយាល័យទាំងអស់ ចំណុះអោយផែនសេនាធិការ។

អនុសាសន៍៤ចំណុច ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់នោះរួមមាន ៖

១-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង

២-ត្រូវមានភាពជាអ្នកដឹកនាំ

៣-ត្រូវពង្រឹងវិន័យកងកម្លាំង និងសមត្ថភាព

៤-ត្រូវមានការយោគយល់អធ្យាស្រ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក្នុងនាមឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់ លោកប្រធាននាយកដ្ឋានថ្មីទាំង២ ដែលទើបផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយកដ្ឋានរដ្ឋបាលទូទៅ « ត្រូវពង្រឹងសមត្ថភាពមន្រ្តី នៃនាយកដ្ឋាន, ត្រូវបន្តសហការគ្នាឲ្យកាន់តែប្រសើរថែមទៀត ទោះជាមានបញ្ហាប្រឈមដោយជំងឺកូវីដ១៩ក៏ដោយ, ត្រូវដឹកនាំបងប្អូនឲ្យបានល្អបន្តពីប្រធាននាយកដ្ឋានចាស់, ត្រូវមានការលើកសរសើរ ជូនរង្វាន់ចំពោះមន្រ្តីមានស្នាដៃ ដែលបានខិតខំបំពេញភារកិច្ច»។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា «ដើម្បីសម្រេចការងារបានជោគជ័យ ត្រូវមានការចាត់តាំងអនុវត្តច្បាស់លាស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនោះនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ជាកម្លាំងចលករដ៏សំខាន់សម្រាប់នគរបាលប៉ុស្តិ៍ទូទាំងប្រទេស។ ហើយទោះបីប្រធាននាយកដ្ឋានថ្មីទាំង២ ក៏ពិតមែន តែមន្រ្តីនៅដដែល ត្រូវរួមគ្នាដោះស្រាយការងារដោយប្រមូលធាតុចូលឲ្យបានច្រើន ដើម្បីសម្រេចផលប្រយោជន៍រួម»។ ឯកឧត្តមបន្តថា «នាយកដ្ឋានកិច្ចការប៉ុស្តិ៍ត្បិតទើបតែបង្កើតមិនយូរប៉ុន្មាន ប៉ុន្តែសម្រេចបានលទ្ធផលការងារគួរជាទីមោទនៈ»។

ជាចុងក្រោយ តាងនាមឲ្យឯកឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គស្នងការរង បានជូនពរដល់កងកម្លាំងទាំងអស់ ពិសេសដល់ក្រុមគ្រួសារថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាពនាយការិយាល័យ ដែលបានចូលរួមក្នុងពិធីនេះ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១នេះ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

សូមជ្រាបថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនួសឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ និងលោកឧត្តមសេនីយ៍ទោ អ៉ឹម សត្យា ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ជំនួសឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ