សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយដោយរដ្ឋាភិបាលចិន
November 06, 2020    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រាបបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមរាជានុញ្ញាតសម្ដែងនូវគារវកិច្ច និងអំណរសាទរ ក្នុងឱកាសសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេស។

ការថ្វាយនូវគ្រឿងឥស្សរិយយសដ៏ឧត្ដុងឧត្តមនេះ គឺជាមោទកភាព និងជាសក្ខីភាពប្រវត្តិសាស្ត្រនៃព្រះរាជបូជនីយកិច្ច និងព្រះរាជគុណូបការៈដ៏ធំធេង របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជតួនាទី និងដង្ហែយ៉ាងស្មោះស្ម័គ្រនៅគ្រប់កាលៈទេសៈជាមួយព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលជាស្ថាបនិកផ្ដួចផ្ដើមកសាង និងបន្តលើកស្ទួយទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាង៧០ឆ្នាំកន្លងមកនេះ។

ទូលព្រះបង្គំយើងខ្ញុំចងចាំជានិច្ចនូវស្នាព្រះហស្ត និងព្រះមហាករុណាទិគុណ ប្រកបដោយគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ ព្រមទាំងព្រះរាជសមិទ្ធផលជាច្រើន ដែលបានប្រសូត្រចេញពីកេរ្តិ៍ដំណែលដ៏ថ្លៃថ្លានៃចំណងមិត្តភាពរវាងប្រជាជននៃប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក្រោមវីរភាពដ៏ក្លៀវក្លា និងមគ្គុទេសន៍ដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ