សម្ដេចក្រឡាហោម ស ខេង ៖ រដ្ឋបាល ក្រុង-ស្រុក មានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
November 06, 2020    អ្នកទស្សនា :

ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា រដ្ឋបាល ក្រុង-ស្រុក មានតួនាទី និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា «ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានប្រកបដោយគុណភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាល ក្រុង-ស្រុក ចាំចាច់ត្រូវមានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាធារណៈដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ដ្រីជំនាញបច្ចេកទេសភាគច្រើន នឹងត្រូវផ្ទេរពីក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដើម្បីដាក់ពង្រាយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សម្ដេចក្រឡាហោមបន្ដថា ការកែលំអឡើងវិញនូវចំណុចខ្វះខាតទាំងឡាយ សំដៅធានាដល់ការលើកទឹកចិត្តមន្ដ្រីសាធារណៈ ឲ្យស្ម័គ្រចិត្តទៅបំពេញការងារនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការផ្ដល់ថវិកាបន្ថែមពីលើប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំង ការដំឡើងកម្រិតថ្នាក់ និងឋានន្ដរស័ក្តិ ក្នុងមុខតំណែងនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងទំហំការងារ និងបង្កលក្ខណៈឲ្យមាន ភាពងាយស្រួលក្នុងការផ្ទេរមន្ដ្រីដែលមានសមត្ថភាពតាមវិស័យជំនាញ ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ជាពិសេស ត្រូវផ្ដល់ឱកាសដល់មន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន តាមមុខជំនាញនៅក្នុងវគ្គបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ចក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា រាជរដ្ឋាភិបាល នឹងគិតគូរពិចារណាអំពីការប្រគល់នូវមូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងការប្រកួតប្រជែងក្នុងការប្រមូលចំណូលទាំងក្នុងក្របខ័ណ្ឌជាចំណូលពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែកទាំងស្រុកតែទៅលើការបែងចែកថវិកាពីថ្នាក់ជាតិ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ