សម្តេចក្រឡាហោម ស ខេង៖ ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកិច្ចការអាទិភាព និងមានសារៈសំខាន់ដែលត្រូវជំរុញឲ្យមានការអនុវត្តនៅគ្រប់កម្រិតថ្នាក់
November 06, 2020    អ្នកទស្សនា :

ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈគឺជាកិច្ចការអាទិភាពមួយដែលត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកានេះ។

សម្ដេចក្រឡាហោមបានលើកឡើងថា អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក គឺជាកិច្ចការអាទិភាពមួយដែលត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនេះ ជាចំណុចថ្មីមួយ និងសំខាន់ ដែលស្របតាមនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់គោលការណ៍រដ្ឋាភិបាលអេឡិចត្រូនិក (E-government) និងត្រូវមានការចូលរួមអនុវត្តពីគ្រប់ជាន់ថ្នាក់។

ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា សម្ដេចបានណែនាំឲ្យថ្នាក់ដឹកនាំ អគ្គនាយក អភិបាលខេត្តជាដើម បង្កើតគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីដកស្រង់យកនូវមតិយោបល់ដែលប្រជាពលរដ្ឋបានស្នើសុំ ហើយធ្វើការតាមដាន និងដោះស្រាយទៅតាមសមត្ថកិច្ចរបស់ខ្លួន។ សម្ដេចបានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបែបនេះ អាចជំរុញឲ្យការផ្ដល់ និងទទួលព័ត៌មានមានលក្ខណៈល្អប្រសើរ និងឆាប់រហ័ស ដោយហេតុថាប្រជាពលរដ្ឋអាចរាយការណ៍នូវព័ត៌មានពិតពាក់ព័ន្ធនឹងរឿងអយុត្តិធម៌ បញ្ហាការរំខានក្នុងជីវភាពរស់នៅ បញ្ហាគ្រឿងញៀន ឬការគំរាមកំហែងនានា តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ហើយគ្រប់ស្ថាប័ន និងគ្រប់ថ្នាក់រដ្ឋបាលទាំងអស់ អាចទទួលបានព័ត៌មានឆាប់រហ័ស និងចាត់ចែងដោះស្រាយបន្តទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានគូសបញ្ជាក់ផងដែរថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័ររបស់សម្ដេច ក៏រងចាំទទួល តាមដាននូវមតិ យោបល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋ និងបញ្ជូនបន្តទៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីដោះស្រាយទៅតាមភារកិច្ចរបស់ខ្លួន ក៏ដូចជាធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបានណែនាំឲ្យមានការជំរុញការរៀបចំ និងអនុវត្តប្រព័ន្ធអេឡិចត្រូនិកក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្ដើរៗលើកិច្ចការសំខាន់នានាដូចជា ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងរដ្ឋបាល ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពជាដើម។ បន្ថែមពីនេះ សម្ដេចក៏បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវខិតខំធ្វើការជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវគេចវេសទំនួលខុសត្រូវរបស់ខ្លួនឡើយ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ