អាជ្ញាធរជាតិ និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង រួមគ្នាពង្រឹងយន្តការភូមិ ឃុំ សង្កាត់គ្មានគ្រឿងញៀនទប់ស្កាត់បទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន
November 05, 2020    អ្នកទស្សនា :

ក្រោយពីដាក់ឱ្យដំណេីរការនៅយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ដែលជាគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួចមក តំណាងពីតំណាងស្ថាប័ន អង្គភាពត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ជាតិ គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង ក្រុងស្ទឹងត្រែង បូរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង ឃុំព្រះរំកិល ឃុំអូរស្វាយ ឃុំព្រែកមាស ឃុំស្រែសំបូរ សង្កាត់សាមគ្គី បានធ្វេីការជជែកពិភាក្សាពិនិត្យសមិទ្ធផលមួយឆ្នាំនៃការដាក់ឱ្យអនុវត្តនូវយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នូវការងារដែលសម្រេចបាន បញ្ហាប្រឈមនានានៅមូលដ្ឋាននិងបន្តដាក់ទិសដៅការងារដេីម្បីរួមគ្នាដោះស្រាយ។

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅសាលាខេត្តស្ទឹងត្រែង បានធ្វេីសិក្ខាសាលាស្តីពីការប្រសិទ្ធភាពពង្រឹងយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង។

ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងនៅតែបន្តទទួលរងគ្រោះនូវការចរាចរគ្រឿងញៀនឆ្លងកាត់ពីឈ្មួញជួញដូរពីតំបន់ត្រីកោណមាសនិងប្រទេសឡាវតាមផ្លូវទឹក និងគោក ផ្លូវទឹកដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានសហការរួមគ្នាបង្ក្រាបទប់ស្កាត់។ ជាក់ស្តែង១០ខែ ក្នុងឆ្នាំ២០២០នេះ ខេត្តស្ទឹងត្រែង បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ១៩០១៥នាក់ បង្រ្កាបបាន៣១ករណី ឃាត់ខ្លួនបាន៥៨នាក់(ជនជាតិឡាវ៥នាក់) ដកហូតគ្រឿងញៀន បានជិត១៨គីឡូក្រាម និងបានព្យាបាល អ្នកញៀនចំនួន៣៣នាក់។

លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋល្អ ត្រូវមានសុខភាពល្អ មានសុវត្ថិភាព ដោយគ្មានគ្រឿងញៀន គ្មានអំពេីរហិង្សា ទាំងក្នុងក្រុមគ្រួសារ និងសហគមន៍ ហេីយក្នុងសាលារៀនគ្មានគ្រឿងញៀនទេ តែខាងក្រៅសាលារៀនអាចមានគ្រឿងញៀន។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានមានប្រសាសន៍បន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យមិនអាចផ្តោតតែទៅលេីការងារបង្រ្កាបតែមួយមុខបានទេ គឺត្រូវដេីរទៅជាមួយគ្នាជាពហុវិស័យ មានការងារអប់រំផ្សព្វផ្សាយ ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ហេីយយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន មានប្រសិទ្ធភាព ត្រូវការចូលរួមជាចាំបាច់គ្រប់អ្នកពាក់ព័ន្ធនៅសហគមន៍មូលដ្ឋាននិងការគាំទ្រពីថ្នាក់ស្រុក -ខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានមានប្រសាសន៍បន្តដោយថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានបន្តរួមគ្នាអនុវត្តយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងបានស្នេីសុំបន្តយន្តការអចិន្រ្តៃយ៍និងមានលទ្ធភាព សមត្ថភាព ក្នុងទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយបញ្ហាគ្រឿងញៀន បន្តបញ្ជូនសារអប់រំដល់ប្រជាពលរដ្ឋ បន្តផ្តល់សេវាព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មដល់អ្នកប្រេីប្រាស់គ្រឿងញៀន បន្តអភិវឌ្ឍលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ បន្តគ្រប់គ្រងព័ត៌មាន មុខសញ្ញាពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានមានវិធានការច្បាប់ ពង្រឹងការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន រួមចំណែកលេីកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លេីកស្ទួយសុខុមាលភាព ជីវភាព ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កសាងបានតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង បង្កេីតបានភូមិសគ្មានគ្រឿងញៀនចំនួន៧ភូមិមាន : ភូមិលេី អន្លុងស្វាយ កោះល្ង នៃឃុំព្រះរំកិល, ភូមិអូរស្វាយ នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ, ភូមិខាំកោក នៃឃុំព្រែកមាស, ភូមិកញ្ចាញគោក នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិខាំផាន់ នៃសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ