នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ រំលឹកដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
November 04, 2020    អ្នកទស្សនា :

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងបរិវេណ នៃឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០២០ ខណៈព្រះរាជពិធីនេះនៅសល់តែប្រាំថ្ងៃទៀត។

ថ្លែនៅក្នុងកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុតក្នុងកម្មវិធីដ៏ប្រវត្តិសាស្រ្តនេះ បូករួមទាំងការប្រុងប្រយ័ត្ន និងកិច្ចការពារនូវមេរោគកូវិដ១៩ផងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា «គីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងនៅជុំវិញ និងនៅក្នុងបរិវេណព្រះរាជពិធី ធ្វើយ៉ាងណាសម្រួលចរាចរណ៍អោយមន្រ្តីរាជការ សិស្សានុសិស្ស ដែលមានភារកិច្ចចូលរួមព្រះរាជពិធីអោយបានល្អប្រសើរ ថែមទាំងត្រៀមសម្ភារឲ្យបានគ្រប់គ្រាន់ទាំងអស់ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ១៩ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់មកនោះ»។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គស្នងការរង អភិបាលរងរាជធានីភ្នំពេញ អភិបាលរងខេត្តកណ្តាល បញ្ជាការដ្ឋានអង្គរក្ស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអង្គភាពCMAC តំណាងអគ្គិសនីកម្ពុជា តំណាងក្រសួងសុខាភិបាល តំណាងអង្គភាពពិសេសប្រឆាំងភេរវកម្ម ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តកណ្តាល ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០) នឹងប្រព្រឹត្តិទៅដូចសព្វមួយដង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពោលគឺនៅសល់តែចំនួន៥ថ្ងៃ ទៀតប៉ុណ្ណោះនឹងចាប់ផ្តើម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបណ្តាអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាដើម៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ