កិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម
October 29, 2020    អ្នកទស្សនា :

តៃនិញ (វៀតណាម) ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។

សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់នូវាល់បទល្មើសឆ្លងដែនគ្រប់ភេទអោយកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា ៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

មុននឹងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស ក៏បានប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ