ក្រសួងមហាផ្ទៃ បន្តប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើផ្នែកទី៧
October 28, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន នៅផ្នែកទី០៧ ស្ដីពីការចុះបញ្ជីអាពាហ៍ពិពាហ៍ និងមាត្រាទី៧២ ស្ដីពីទីកន្លែងចុះបញ្ជីអាពាហ៍ពិពាហ៍ ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ជាកិច្ចចាប់ផ្ដើម លោកជំទាវ ចាន់ សុទ្ធាវី បានថ្លែងអំណគុណចំពោះ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី និងអ្នកនាងកញ្ញា ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងការចូលរួមបន្ដកិច្ចប្រជុំ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យមានភាពរលូន និងឆាប់ចប់ផងដែរ។

      សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៦៩មាត្រា ហើយមានគោលបំណងរួមដូចខាងក្រោម៖

ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

      ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។

      សូមជម្រាបថា កិច្ចប្រជុំនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គឺជាលើកទី១៨ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ