សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
October 27, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

      ជាកិច្ចផ្តើម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ បានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងទាំងអស់របស់កម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះយ៉ាងសស្រាក់សស្រាំ។ ក្រៅពីនេះទៀត ឯកឧត្តម ឯកអគ្គរដ្ឋ ក៏បានថ្លែងអំណរគុណដល់ ក្រសួងមហាផ្ទៃ ដែលបានថែរក្សាសន្តិសុខ សុវត្តិភាព ដល់ទីតាំងស្ថានទូត និងមន្ត្រីទូតរបស់រុស្សីដែលបំរើការនៅប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ។

      បន្ថែមពីនេះទៀត ឯកឧត្តម បានលើកឡើងពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខនៃភាគីរុស្សីលើការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រឆាំងបដិវត្ត៍ពណ៌ និងការបណ្តុះបណ្តាលធនធាមនុស្ស ដោយឯកឧត្តមបន្តថា បើទោះបច្ចុប្បន្នភាគីទាំងពីរកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ ភាគីរុស្សីនៅតែបេ្តជា្ញក្នុងការបន្តចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រី នៃក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធអនឡាញជាបន្តទៀត។

      ឯកឧត្តម ក៏បានលើកឡើងនូវកិច្ចសហប្រតិ្តបត្តការរបស់ក្រសួងមហាផ្ទៃ និងភាគីរុស្សី ដែលបានចុះហត្ថលេខាលើអនុស្សារៈយោគយល់គ្នាជាច្រើន ហើយក៏នៅមានអនុស្សារៈយោគយល់មួយចំនួនទៀតដែលនៅសល់ ហើយក្នុងនោះឯកឧត្តម បានស្នើឱ្យភាគីទាំងពីរ បន្តនិតិវិធីដើម្បីបញ្ចប់នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោមទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សីក្រោយពេលដែលបញ្ហាកូវីដ-១៩ត្រូវបានបញ្ចប់ផងដែរ។

      ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពចំពោះការលើកឡើងអំពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្សី តាំងពីសម័យខ្មែរក្រហម ដោយក្នុងពេលនោះភាគីរុស្សី បានជួយកម្ពុជាក្នុងការបណ្តេញខ្មែរក្រហមចេញពីប្រទេស និងបន្តជួយទប់ស្កាត់ខ្មែរក្រហមកុំឱ្យវិលត្រលប់មកវិញ។

      សម្តេចក្រឡាហោម បានថែ្លងអំណរគុណដល់រដ្ឋាភិបាលរុស្សីដែលជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីកម្ពុជាជាច្រើន ដែលបានទៅសិក្សានៅប្រទេសរុស្សី ព្រមជាមួយគ្នានេះសម្តេចក្រឡាហោម និងជំរុញឱ្យមន្ត្រីជំនាញពន្លឿននូវការបញ្ចប់និតិវិធីចុះហត្ថលេខាលើអនុស្សារៈយោគយល់គ្នា និងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលនូវសេសសល់បន្តទៀត។

      ជាចុងក្រោយសម្តេចក្រឡាហោម ថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្សីដែលបានបន្តកិច្ចសហប្រត្តិបត្តការផ្នែកការពារសន្តិសុខ ក្នុងនោះលើការទប់ស្កាត់បដិវត្ត៍ពណ៌ផងដែរ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានបញ្ជាក់សារជាថ្មី ថា សម្តេចត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការដោះស្រាយបញ្ហានានា ដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលដែលឯកឧត្តមបំពេញការងារក្នុងប្រទេសកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ