ឯកឧត្តម កៅ ខុនដារ៉ា អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ
October 27, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ដោយមានការចូលរួមពី អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងអភិបាលរាជធានី-ខេត្ត តំណាងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងសុន្ទរកថាបើកថា ដើម្បីឲ្យក្រសួងមហាផ្ទៃ អាចសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នោះ ក្នុងនាមគណៈកម្មាធិការទាំងពីរ និងក្នុងនាមក្រសួងមហាផ្ទៃ ក៏ដូចជាក្នុងនាមឯកឧត្តមផ្ទាល់ ឯឧត្តមមានជំនឿយ៉ាងមុតមាំលើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ពិតជាខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចជោគជ័យប្រកបដោយលទ្ធផលល្អប្រើសើរជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលជាក់ជាមិនខាន។

      ឯកឧត្តមបន្ដថា អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវចាត់តាំងឲ្យមានមន្ដ្រីយ៉ាងតិច ចំនួន២ ទៅ៣នាក់ (ជនបង្គោល) ដើម្បីជួយសម្របសម្រួល និងទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍/កាមរោគ នៅក្នុងនាយកដ្ឋាន និងអង្គភាពចំណុះនីមួយៗ។

      ជាងនេះទៅទៀត ឯកឧត្តម កៅ ខុនដារ៉ា ក៏បានលើកឡើងថា គណៈអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំឲ្យមានយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់ ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់ ហើយត្រូវធ្វើសកម្មភាពជាពហុវិស័យជាប់ជាប្រចាំ។ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់អនុវត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

      ក្រោយបញ្ចប់សុន្ទរកថាបើកដោយ ឯកឧត្តម កៅ ខុនដារ៉ា រួច ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។

      បន្ទាប់មកទៀតអង្គពិធីបានប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ អានដោយ លោកជំទាវ ឡាយ អូនរី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ។

      សូមជម្រាបថា ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួម ចំនួន២៥រូប។ ចំណែក គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍/កាមរោគ ប្រចាំក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួម ចំនួន២៧រូប៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ