ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំក្រុមការងារធនាគារពិភពលោកស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិច តាមប្រព័ន្ធសន្និសីទវីដេអូ
October 26, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំក្រុមការងារធនាគារពិភពលោកស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិច តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងមន្រ្តីតំណាងធនាគាពិភពលោកប្រចាំកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ក្នុងកិច្ចប្រជុំនេះគឺបានពិភាក្សាទៅលើ៣ចំណុចសំខាន់ៗរួមមាន៖ទី ១.បង្ហាញ និងពិភាក្សាអំពីការគាំទ្រនៅក្នុងការរៀបចំគម្រោង ជាពិសេសការសិក្សាលទ្ធភាពចំណាយជាមុនសម្រាប់ទីលានចាក់សំរាមដែលសមស្រប និងការប៉ាន់ប្រមាណចំណាយថ្លៃដើមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំរាមសំណល់រឹង និងកន្លែងចាក់សំរាម ការកសាងសមត្ថភាព និងជម្រើសនៃការស្តារចំណាយថ្លៃដើមឡើងវិញសម្រាប់ខេត្ត /ក្រុងដែលអាចដាក់បញ្ចូលទៅក្នុងគម្រោង។ ដូចជាសៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងកណ្តាល។ ទី២.ពិភាក្សាបន្ថែមទៀតអំពីតំរូវការនៃការរៀបចំគម្រោងដែលកើតចេញពីក្របខ័ណ្ឌបរិស្ថាន និងសង្គមជំហាននៃការរៀបចំ និងស្ថានភាពនៃការគាំទ្រ។ និងទី៣.ពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍគោលនយោបាយគ្រប់គ្រងប្លាស្ទិក និងការចូលរួមពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធដើម្បីបង្ហាញនិងពិគ្រោះយោបល់លើគោលនយោបាយផ្លាស្ទិក អាទិភាពដែលបានជ្រើសរើស។

      សូមជម្រាបផងដែរថា ការអភិវឌ្ឍគម្រោងនេះមានគោលបំណង ដើម្បីកែលំអសេវាកម្មគ្រប់គ្រងសំណល់រឹង និងប្លាស្ទីក នៅក្នុងទីក្រុងសាកល្បងដែលត្រូវបានជ្រើសរើស សម្រាប់នៅប្រទេសកម្ពុជាទីក្រុងសាកល្បងដែលត្រូវបានជ្រើសរើស មានដូចជា៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល។ ជាងនេះទៀត គម្រោងនេះនឹងត្រូវធ្វើការវាយតម្លៃទៅលើបច្ចេកទេសសម្រាប់ទីក្រុងទាំង៥នេះ មានដូចជា៖
-បរិមាណនិងសមាសធាតុនៃកាកសំណល់ដែលបានបង្កើត និងមធ្យោបាយនៃការចោល
-ការប៉ាន់ប្រមាណបរិមាណ និងសមាសធាតុ នៃសំណល់ទីក្រុង និងពាណិជ្ជកម្ម សម្រាប់ពេលអនាគត
-ការវាយតម្លៃគ្រឿងបរិក្ខារសម្រាប់ដោះស្រាយក្នុងតម្លៃសមរម្យទុកមុន
-ការស្នើសុំប្រព័ន្ធគ្រប់គ្រងកាកសំណល់ដែលសមស្រប និងសន្សំសំចៃបំផុត សម្រាប់ការប្រមូល ផ្ទេរ ដឹកជញ្ជូន និងការបោះចោលសំណល់ ដោយផ្ដោតសំខាន់លើតំបន់សម្រាប់ចាក់សំរាម។

      លើសពីនេះទៀតនៅក្នុងខ្លឹមសារនៃកិច្ចប្រជុំនេះក៏បានបញ្ជាក់ផងដែរថា ការគ្រប់គ្រងសំរាមប្រកបដោយជោគជ័យ ទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យដែលអាចទុកចិត្តបាន ដើម្បីចូលរួមក្នុងដំណើរការគ្រប់គ្រង។ ការប្រមូលព័ត៌មាន និងឧបករណ៍ត្រួតពិនិត្យ ដែលនឹងត្រូវស្រាវជ្រាវនិងអភិវឌ្ឍក្រោមគម្រោងនេះ អាចរួមមាន៖ តម្លៃក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទីក, ការផលិតសំណល់, តំបន់សម្រាប់សេវាកម្មគ្រប់គ្រងសំណល់, ការគ្រោងនូវប្រព័ន្ធនៃមធ្យោបាយសម្រាប់ប្រមូលសំរាម, ការដឹកជញ្ជូនសំរាមទៅកាន់តំបន់ចាក់សំរាម, និងការត្រួតពិនិត្យគុណភាពបរិស្ថានផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ