ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ
October 22, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ជាមួយបណ្ដាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រោមអធិបតីភាពឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

      ក្នុងមតិស្វាគមន៍ ឯកឧត្តមNguyen Tuong Van អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩បានផ្ដល់នូវផលប៉ះពាល់ជាច្រើនដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ដែលក្នុងនោះរួមមានប្រទេសដែលជាសមាជិកអាស៊ានផងដែរ ប៉ុន្តែនេះជាឱកាសល្អសម្រាប់លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យនានារបស់រដ្ឋាភិបាល ដែលមានសារៈសំខាន់ច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុងឆ្លាតអាស៊ាន។

      ឯកឧត្តមបានបន្តថា កិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ាននេះ នឹងផ្ដល់នូវគំនិតយោបល់ល្អៗសម្រាប់ប្រទេសដែលជាសមាជិកក្នុងការស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈមនានា ក្នុងន័យលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួន។

      គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងដោយ ភាគីវៀតណាម ក្រោមប្រធានបទ «ទីក្រុងឆ្លាតឆ្ពោះទៅសហគមន៍ អត្តសញ្ញាណ និងនិរន្តរភាពសម្រាប់អាស៊ានប្រកបដោយភាពឆ្លើយតប និងស្អិតរមួត»។ សម្រាប់កិច្ចប្រជុំនេះផងដែរ ប្រទេសដែលជាសមាជិកបណ្ដាទីក្រុងឆ្លាតអាស៊ាន ត្រូវជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន០៥ដែលត្រូវពិភាក្សាទៅតាមកម្មវិធីសន្និសីទដាច់ដោយឡែកពីគ្នា ហើយប្រទេសកម្ពុជាបានជ្រើសរើសចូលរួមក្នុងកម្មវិធីសន្និសីទដែលផ្ដោតលើប្រធានបទស្ដីពី ការគ្រប់គ្រង និងការរៀបចំផែនការទីក្រុងឆ្លាត ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង និងនគរូបនីយកម្ម (smart urban planning and management in the urbanisation and urban development strategy)៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ