សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
October 20, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមផងដែរ។

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាជំនួបក្នុងថ្ងៃនេះគឺជាកិច្ចប្រជុំលើកដំបូងជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពការងាររបស់សមាគម។ សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយកន្លងមក សម្តេចក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទពិសោធន៍ និងឱកាសស្វែងយល់ច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនេះ។

      ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិ បានលើកឡើងនូវសកម្មភាព និងលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលបានរួមគ្នាសម្រេចកន្លងមក ដោយក្នុងនោះរួមមានការរៀបចំនូវរចនាសម្ព័ន្ធ កិច្ចការងាររៀបចំលក្ខខន្តិកៈ ក៏ដូចជាលិខិតស្នើសុំបង្កើតសមាគម និងការចុះបញ្ជីស្របច្បាប់ជាដើម។ បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាភិបាលបានគូសបញ្ជាក់ថា មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតជាក្រុមការងារសម្រាប់ផ្លាស់ប្ដូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងន័យលើកស្ទួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យមានភាពល្អប្រសើរ។

      ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមប្រឹក្សាភិបាលទាំងអស់នៃសមាគម ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ