នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
October 08, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងសមិទ្ធផលនានា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

      មានប្រសាសន៍ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធាន និងកោតសរសើរចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងនគរបាលទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងសង្គម។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ក្រៅពីមានកិច្ចសហការល្អរវាងអាជ្ញាធរ នថសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ធ្វើអោយបទល្មើសផ្សេងៗមានការថយចុះ តែក៏ត្រូវខិតខំ ព្យាយាមបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា «គិតត្រឹម៩ខែដើមឆ្នាំ២០២០នេះ នៅក្នុងទីក្រុងភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនជិត៣០០០នាក់ រីឯចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៩% និងកាត់បន្ថយអ្នកស្លាប់ចំនួន១៩នាក់»។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីខាងលើ ក៏បានមានប្រសាសន៍ផ្តាំផ្ញើចំពោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងអនុវត្តក្នុងន័យផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមទាំងមូលដូចជា ៖

ទី១-ត្រូវព្យាករណ៍ទុកជាមុននូវសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេស ពួកឧទ្ទាមអមិត្តមិនដែលព្រមបោះបង់ចោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយក្រុមទាំងនោះតែងតែដឹកនាំអោយមានបាតុកម្មផ្សេងៗ ដូច្នេះមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សំរាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១៦លាននាក់ ត្រូវតែការពារសុខសុវត្ថិភាព និងសន្តិសុខអោយបានដាច់ខាត។

ទី២-ត្រូវដោះស្រាយទុក្ខកង្វល់របស់សង្គម ក៏ដូចជាប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋករណីបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ទោះបីជាយើងធ្វើបានល្អ តែមិនត្រូវភ្លេចខ្លួនត្រូវបន្តស្វែងរកទីតាំងកែច្នៃលួចលាក់ ត្រូវចាំថាគ្រឿងញៀនគ្មានថ្នាំព្យាបាលទេ មានតែថ្នាំបន្សាប។ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវ ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើចង់ឈប់អោយមានការចតឡានលើចិញ្ចើមផ្លូវ និងកុំអោយចិញ្ចើមផ្លូវក្លាយជាទីតាំងឯកជន យើងត្រូវគិតពីការសាងសង់ចំណត។

      ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអោយស្នងការរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចំនួន៣ចំនុច ដើម្បីបន្តអនុវត្តដើម្បីភាពជោគជ័យក្នុងការដឹកនាំ៖

ទី១-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពរាជធានី លើគ្រប់វិស័យ ទាំងសន្តិសុខជាតិ ទាំងការបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រោះរាជធានីភ្នំពេញ គឺជាមុខមាត់ និងក៏ជាបេះដូង នៃប្រទេសជាតិ។

ទី២-ពង្រឹងគុណភាពមន្ត្រីនគរបាលទាំងអស់ បង្កើនការហ្វឹកហាត់ទៅតាមជំនាញ ក្នុងនាមជាកងកម្លាំងចរាចណ៍ អន្តរាគមន៍ ត្រូវមានសមត្ថិភាព វិន័យ គុណធម៌ សីលធម៌ និងអនុវត្តវិន័យចំពោះកងកម្លាំងដែលមិនគោរពវិន័យ ជាពិសេសស្នើអោយ មន្ត្រីនគរបាលរាជភ្នំពេញទាំងអស់ពង្រឹងព្រៀប នគរបាល មានន័យថា ត្រូវកែរឥរិយាបថដែលខុសចេញ ខិតខំសាងអំពើល្អ ជំរុញសកម្មភាពបម្រើប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្ម។

ទី៣-ពង្រឹងកិច្ចសហការ គឺជាកត្តាជោគជ័យដែលមិនអាចខ្វះបាន ត្រូវលុបចោលជំងឺតួរឯក ការដណ្តើមស្នាដៃ ជាពិសេសទាមទារអោយមានមនោសញ្ចេតនាដឹកនាំ ក្នុងនាមជាកងឯកភាពមួយមានគុណធម៌ សិលធម៌ និងគោរពវិន័យ។

      សូមបញ្ជាក់ថា អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មជ្ឈមណ្ឌលចរាចរណ៍ និងប៉ុស្តិ៍ប្រចាំបញ្ជា២៤ម៉ោង ចំនួន៥ទីតាំង ជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯកមួយខ្នង ជាអំណោយរបស់ឯកឧត្ដម ស ថេត ស្នងការនគរបាលររាជធានីភ្នំពេញ។ ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា២០លានរៀល ជូនដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ជូនដល់ស្នងស្នងការដ្ឋាននគរបាលររាជធានីភ្នំពេញផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ