នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ
September 23, 2020    អ្នកទស្សនា :

      ភំ្នពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភំ្នពេញ ។

      ក្នុងដំណើរចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និង នាយ នាយរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀតផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើអោយកម្ពុជាមានសុខសន្តិភាព រួចផុតពីសង្រ្គាម ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ទៀតថា ស្តូបវិមានឈ្នះឈ្នះ ជាសក្ខីភាពសម្រាប់អ្នកជំនាន់ក្រោយស្តាប់ និងយកគំរូសម្រាប់អនុវត្តបន្ត។ ដោយឡែកស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺចង់បង្ហាញអោយឃើញពីការសហការគ្នារវាងកងកម្លាំងនគរបាលជាតិ និងកងកម្លាំងរាជអាវុធហត្ថក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ក្នុងនោះកងកម្លាំងនគរបាលជាតិជាស្នូល រីឯកងកម្លាំងរាជអាវុធហត្ថជាកម្លាំងអន្តរាគមន៍មួយដែលមិនអាចខ្វះបាន ទើបធ្វើអោយទទួលជោគជ័យ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន គូសបញ្ជាក់ថា «ស្តូបនេះតំណាងអោយសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។ ស្តូបនេះតំណាងអោយការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល មិនអាចមានបុគ្គលណា ឬក្រុមណាមកបំផ្លិចបំផ្លាញសន្តិភាពបានទេ ។ ស្តូបនេះជាសក្ខីភាពតំណាងអោយសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវ នៃកម្លាំងអនុវត្តច្បាប់ ដែលមោះមុតការពាររាជរដ្ឋាភិបាល គ្មានកម្លាំងណា គ្មានបុគ្គណាមកដណ្តើមសន្តិភាពពីយើងបានទេ។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភដល់វិស្វកម្មកងរាជអាវុធហត្ថ ១០លានរៀល វិស្វកម្មនគរបាល ១០លានរៀល និងវិស្វកម្មវិមានឈ្នះឈ្នះ ១០លានរៀល។

      យោងតាមរបាយការណ៍ និងគំរូប្លង់ របស់លោកវរសេនីយ៍ឯក គង់ សុធា នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានឲ្យដឹងថា នគរបាលជាតិ និងកងរាជអាវុធហត្ថ បានសហការរៀបចំប្លង់សម្រាប់សាងសង់សួនសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមានរចនាបទ និងទស្សនាទាន ដូចខាងក្រោម ៖

១-រូបស្តូបទាំងមូលបែរទៅរកវិមានឈ្នះឈ្នះ តំណាងឲ្យ «ទស្សនវិស័យរួមរបស់នគរបាលជាតិនិងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការសាមគី្គ មូលមតិជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីនយោបាយយុទ្ធសាស្រ្តនានាជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

២-តួស្តូបមានបាតមានទំហំ ១០១,០០៥ម៉ែត្រការ៉េ , មានកម្ពស់សរុប ៩,៤៥ម៉ែត្រ ដែលមានសំណង់លើផ្ទៃបាតសរុប ៤៤៤ ម៉ែត្រការ៉េ សង់នៅលើផ្ទៃដីសរុប ៦៩៨,៨១ម៉ែត្រការ៉េ ។

៣-ខឿនតួស្តូបទាំងមូល មានរាង្គបួនជ្រុងទំហំ ៤៦,២៥ម៉ែត្រការ៉េ មានកម្ពស់ ០,៩០ម៉ែត្រ មានជណ្តើរឡើងចំនួនបួន ដែលជណ្តើរនីមួយៗ ទំហំ ២,៥ម៉ែត្រ និងមានចំនួន៧កាំ តំណាងឲ្យថ្ងៃ ៧មករា ។

៤-មានស្តូបចំកណ្តាលមានកម្ពស់ ៨,៥៥ម៉ែត្រ ទំហំបាត ១០,២៤ម៉ែត្រ ពីក្រោមដល់លើ បែងចែកចេញជា៣ថ្នាក់ ។ នៅក្នុងខឿនសួនច្បារដាំដើមឈើចំនួន២០ដើម និងដាំដើមទ្រយឹង តំណាងឲ្យ «ថ្ងៃទី២០» ដែលជាថ្ងៃសម្តេចតេជោយកអាយុជីវិតធ្វើជាដើមទុន និងមានបង្គោលធ្វើពីថ្មភក់កម្ពស់ ១,៥ម៉ែត្រ សរុបចំនួន១២បង្គោល ព័ទ្ធជុំវិញ តំណាងឲ្យ «១២ខែក្នុង១ឆ្នាំ» ដែលស្ថាប័នទាំង២បំពេញកិច្ចការងារមិនថាយប់ថ្ងៃ ទោះបីកាលៈទេសៈណាក៏ដោយ ខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គនានា លះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងអាយុជីវិត ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងគោលដៅបម្រើការពារសង្រ្គោះប្រជាពលរដ្ឋ និងប្រទេសជាតិ។

      សូមសម្រាបថា ការងារសាងសង់គ្រឿងបង្គំសំណង់នេះ សម្រេចលទ្ធផលបាន ៩៥% គឺការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប ហើយនឹងបំពាក់ក្បាច់ផ្កាភ្ញី រចនាបទ និងចាក់ពុម្ពដាក់រូបសំណាកស្ពាន់របស់នគរបាលជាមួយកងរាជអាវុធហត្ថនៅលើកំពូលទៀត ហើយនឹងអាចបញ្ចប់នាចុងខែវិចិ្ឆកា ឆ្នាំ២០២០នេះ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ