អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តក្រចេះ​រួមគ្នា​ផ្សព្វផ្សាយ​របាយការណ៍ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់​ខិតខំបន្ត​អនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០
September 10, 2020    អ្នកទស្សនា :

      ខេត្តក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២០ នៅសាល​ប្រជុំសាលាខេត្តក្រចេះ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោមអធិបតីភាពលោក ជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការ​ត្រូតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ដោយមានការចូលរួមពីសមាជិក​គណកម្មា​ធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន និងតំណាងតុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះផងដែរ។

       ឧត្តមសេនីយ៍ត្រី បិត សាវ៉ាង ស្នងការរងទទួលការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានមានប្រសាសន៍ស្វាគមន៍ និងបានរាយការណ៍ពីលទ្ធផល​ការងារ​ឆមាសទី១ ២០២០ របស់ខេត្ត និងបានលើកឡើងថា ខេត្តក្រចេះ​បានរួមគ្នាខិតខំបន្តអនុវត្តផែនការទាំង៥ទទួលបានលទ្ធផលល្អ ប៉ុន្តែខេត្តនូវតែទទួលរងគ្រោះពីការជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់។

      តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានបង្ហាញឱ្យឃេីញនូវកត្តាជាច្រើនដោយក្នុងនោះរួមមាន៖ ១.ចំនួនអ្នកទទួល​បានសារអប់រំ, ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណី បង្រ្កាប, ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែង​ច្បាប់​ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការ​ថយចុះនូវបរិមាណ​គ្រឿងញៀន​ដែល​រឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។

      ក្នុងឱកាសនោះ ឯកឧត្ដម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ និងជា ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្ត បាន​មានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ ឆ្នាំ​២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេីយបានថ្លែង​​អំណរ​គុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានសហការគ្នាប្រកបដោយឆន្ទៈ និងការទទួលខុស​ត្រូវសម្រេចបាននូវលទ្ធផលល្អ គួរជាទីមោទន: ហេីយសូមបន្តចូលរួមអនុវត្តនូវ​ទិស​​ដៅការងារសម្រាប់ឆមាស ទី២ ដេីម្បីសុខុមាលភាពប្រជាពល​រដ្ឋ​របស់យេីង។

      ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានថ្លែងថា ពិភពលោកយើងនេះនៅតែបន្តទទួលរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន ក្រុមឧក្រិដ្ឋជន និងបណ្តាញរបស់ពួកវានៅតែបន្តផលិត និងចរាចរគ្រឿង​ញៀនពីតំបន់មួយទៅតំបន់មួយ ពិសេសការចរាចរគ្រឿងញៀនឆ្លងកាត់ចូល​មកកម្ពុជាតាមច្រកមួយចំនួននៃខេត្តភាគឥសាន្ត ទន្ទឹមនឹងការប្រើបំពាន​សារធាតុញៀនប្រភេទថ្មីដែលមានឥទ្ធិពលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរក៏រីករាលដាលដ៏គួរឱ្យព្រួយបារម្ភដែរ ទោះបីកម្ពុជាមិនមែនជាប្រទេស​ផលិត​គ្រឿង​ញៀនក៏ដោយ ដែលតម្រូវឱ្យយេីងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥ ដោះស្រាយ រាល់បញ្ហា​គ្រឿងញៀន ដើម្បីចូលរួមចំណែកការពារ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយេីង។

      ជាមួយគ្នានេះលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានធ្វេីការ​សំណូមពរ​ដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត នូវទិសដៅការងារ​ប្រយុទ្ធប្រឆាំង​​​គ្រឿងញៀនសម្រាប់ឆមាសទី២ ដេីម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនាជូនប្រជាពលរដ្ឋ យេីងពិសេស សហការជាមួយប្រទេសជិតខាង បង្រ្កាបបទល្មេីសគ្រឿង ញៀនឆ្លងកាត់ព្រំដែន ត្រួតពិនិត្យសារធាតុគីមីផ្សំឱ្យបានហ្មត់ចត់ព្រោះ ឈ្មួញទុច្ចរិតអាចបង្វែរទៅកែឆ្នៃ ជាគ្រឿងញៀនខុសច្បាប់ ផ្សព្វផ្សាយអប់រំ ដល់គ្រប់គោលដៅប្រឈមពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីក៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ