នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
September 11, 2020    អ្នកទស្សនា :

      ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែង​តាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ បានមានប្រសាសន៍ក្នុងអង្គពិធីថា ជោគជ័យរបស់នគរបាលជាតិ​នៅពេលនេះ គឺបានដោយសារស្មារតីសហការតាំងពីថ្នាក់​ខេត្តរហូតដល់មូលដ្ឋានដែលក្នុងនោះរួមទាំងប្រជាពលរដ្ឋផងដែរ ។

      ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក្រៅពីការថ្លែងកោតសរសើរដល់គណៈ​បញ្ជាការឯកភាពខេត្តដែលបានចូលរួមសហការក្នុងពេលកន្លងមកនេះក៏បានសំណូមពរអោយបន្តកិច្ចសហការល្អបន្ថែមទៀត។ ឯកឧត្តម ក៏បានជម្រុញ​អោយលោកស្នងការដែលទើបទទួលបានភារកិច្ចថ្មីក្រៅពីការសន្យាក្នុងការដឹកនាំអោយបានល្អត្រូវប្តេជ្ញាចិត្តធ្វើអោយបាន ដោយយកគំរូល្អរបស់ស្នងការចាស់ ក្នុងការបន្តដឹកនាំ សំឡឹងទៅមុខជានិច្ចដើម្បីបំពេញកិច្ចការ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្តអោយដឹងថា ក្នុងនាមជា​ស្នងការខេត្តថ្មីត្រូវធ្វើជាសេនាធិកាជូនគណៈបញ្ជាកាឯកភាពខេត្ត និងមានរបបប្រជុំជាប្រចាំ ជាពិសេសមានការចូលរួមក្នុងការប្រចាំបញ្ជា ដែលមានគ្រប់សមាសភាពចូលរួមតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដើម្បីអាចធ្វើការអន្តរាគមន៍ទាន់ពេលវេលានៅពេលមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម។

      ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានជម្រុញអោយស្នងការថ្មីត្រូវចេះ​ព្យាករណ៍នូវសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្តមិនដែលបោះបង់បំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតអោយជនទាំង​នោះមកបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។ ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយ​អត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយ​ផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយ​ពួកគាត់បានយល់រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

      ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំនុចដើម្បីអនុវត្តក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ៖

ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ពិសេសលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការចេញពីបេះដូងអោយបានល្អជូនពលរដ្ឋ ។

ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រជំនាញជាពិសេសស្ថិតក្នុងដំណាក់កាលនៃជម្ងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ព្រមទាំងការប្រកបអាជីវកម្ម។

ទី៥-ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង ព្រមទាំងសហការការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេសត្រូវរួបរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

      ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានស្នើអោយស្នងការ​ដែលទទួលភារកិច្ចថ្មី ត្រូវចាត់កម្លាំង នគរបាលពីខេត្ត-ស្រុក ដើម្បីទៅបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍នគរបាល​ដែលកំពុងខ្វះខាតកម្លាំងតាមរយ:ការស្ម័គ្រចិត្ត រឺតាមការចាត់​អោយបំពេញបេសកកម្មមានរយ:ពេល និងត្រូវធ្វេីការហ្វឹក​ហាត់បំប៉នដេីម្បីពង្រឹងគុណភាព។

      ទន្ទឹមនឹងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំអោយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវចាត់កម្លាំងយាមកាមឲ្យបានល្អប្រសើរ ដើម្បីធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ និងភ្ញៀវជាតិ- អន្តរជាតិ នៅតាមគោលដៅទីវត្តអារាម តាមផ្លូវជាតិ តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា និងត្រូវប្រកាន់ភ្ជាប់​នៅវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់​ក្រសួងសុខាភិបាល។

      សូមជម្រាបថា លោកឧត្តម​សេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ