ឧត្តមសេនីយ៍ ចាន់ ស៊ីថា ផ្តល់អនុសាសន៍ ៨ចំណុច ដល់សិក្ខាកាមទើបបញ្ចប់វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងការពារគោលដៅ យកទៅអនុវត្ត
September 04, 2020    អ្នកទស្សនា :

      ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងការពារគោលដៅ នៅអង្គភាពអន្តរាគមន៍ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ចំនួន ៨ចំណុច ដល់សិក្ខាកាមទើបបញ្ចប់វគ្គបំប៉នជំនាញ ការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងការពារគោលដៅ ដើម្បីយកទៅអនុវត្ត។

១-គោរពឲ្យបាននូវរាល់បទបញ្ញតិ ច្បាប់រដ្ឋ និងចូលរួមឲ្យសកម្មក្នុងការអនុវត្តន៍គោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

២-ត្រូវយកចិត្តទុកដាក់បន្តការតស៊ូអត់ធន់លះបង់ខ្ពស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សេចក្តីថ្លៃថ្នូរឲ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ។

៣-ត្រូវសហការឲ្យបានជិតស្និទ្ធបំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម ។ល។

៤-បង្កើនវិធានការគ្រប់គ្រង ថែរក្សាការពារសម្ភារៈ ឧបករណ៍ អាវុធជាតិផ្ទុះ ឲ្យបានគង់វង្ស មិនត្រូវធ្វេសប្រហែសឲ្យធ្លាក់ចូលក្នុងដៃជនទុច្ចរិត យកទៅប្រព្រឹត្តបទល្មើសផ្សេងៗ ជាហេតុបង្កឲ្យមាន អសន្តិសុខ អស្ថិរភាពក្នុងសង្គមជាតិនោះឡើយ។

៥-ត្រៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជាក្នុងការជួយអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះមហន្តរាយ។

៦-យកចិត្តទុកដាក់លើការថែរក្សា សុខមាលភាព ធ្វើយ៉ាងណាចៀសផុតពីជម្ងឺឆ្លងផ្សេងៗ ក្លាយជាកងកម្លាំងដ៏ខ្លាំងក្លា លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិសេសការពារប្រជាជាតិកម្ពុជា ឲ្យរស់ក្នុងសុខសន្តិភាព និងសុភមង្គល។

៧-មន្រ្តីនគរបាលជាតិទាងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងតស៊ូលត់ដំរៀនសូត្រផ្នែកទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ទាមទារឲ្យមានការយល់ដឹងច្បាស់លាស់អំពីបច្ចេកទេសជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់ធានាបានសុវត្ថិភាព១០០% រាល់ការអនុវត្តន៍ភារកិច្ចជាក់ស្តែង នាពេលខាងមុខ។

៨-ពេលត្រឡប់ទៅអង្គភាពរៀងៗខ្លួនវិញ ត្រូវរាយការណ៍ជូនប្រធាននាយកដ្ឋាន-អង្គភាព ស្នងការ នូវរាល់ចំណេះដឹងរបស់ខ្លួន ដើម្បីជាទុនក្នុងការរៀបចំកម្លាំង ការបំពាក់សម្ភារៈ ឧបករណ៍ អាវុធ មធ្យោបាយ ឲ្យបានសមស្របតាមតួនាទី ភារិកច្ច របស់កងអន្តរាគមន៍ និងតម្រួតបទបញ្ជា។

      ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់ទៀតថា វគ្គសិក្សាខាងលើនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ ដើម្បីសំដៅធានាដល់ការចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់បាតុកម្មខុសច្បាប់ បង្រ្កាបរាល់សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្លាំង និងសង្រ្គោះគ្រោះមហន្តរាយផ្សេងៗ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ