ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ
September 03, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

      នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ មានប្រសាសន៍រំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

      ឯកឧត្តម បន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។

      សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ