អន្តរក្រសួងបន្តរួមគ្នាពិនិត្យវាយតម្លៃ ដើម្បីផ្តល់គោលរបបជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប
August 31, 2020    អ្នកទស្សនា :

      ខេត្តបាត់ដំបង-សៀមរាប ក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ នេះ បានបន្តបេីកប្រជុំពិភាក្សាលើការងារផ្តល់គោលរបបឧបត្ថម្ភដល់ជនរងគ្រោះញៀនគ្រឿងញៀនកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិភពនៃក្តីសង្ឃឹម ស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប មជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងមជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្កបាត់ដំបង និងខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមផងដែរពីមជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

      ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប ទទួលបានការអនុញ្ញាតបើកដំណើរការពីអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានផ្ទេរឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាបន្តគ្រប់គ្រងនិងផ្តល់គោលរបបជូនចាប់ពី ឆ្នាំ២០១២ ជារៀងរហូត មក។ ស្នេីសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តផ្តល់គោលរបបជូនមជ្ឈមណ្ឌលទាំងអស់នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

      នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់អនុសាសន៍មជ្ឈមណ្ឌលបណ្តោះអាសន្នទាំងអស់បន្តផ្តល់សេវាជូនជនរងគ្រោះដោយសារគ្រឿងញៀនត្រឹម រយ:ពេល៦ខែ ហេីយជន ជនរងគ្រោះ ដែលត្រូវទទួលការព្យាបាលនិងស្តានីតិសម្បទារយ:ពេលយូរនឹងត្រូវទទួលបានការបន្តព្យាបាល ស្តារនីតិសម្បទា និងផ្តល់ចំណេះជំនាញនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ រយ:ពេល០២ឆ្នាំ។ ជាមួយនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានដាក់ចេញនូវការងារ២ចំណុច រួមមាន ទី១-ស្នើសុំឱ្យសមាជិកអង្គប្រជុំទាំងមូលត្រូវតែរួមគ្នារៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីសុំបន្តផ្តល់គោលរបបជូនជនរងគ្រោះដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម ខេត្តបាត់ដំបង មជ្ឈមណ្ឌល កងរាជអាវុធហត្ថ បន្ទាយមានជ័យ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប

និងទី២-អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់កិច្ចសម្របសម្រួលជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ