ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
August 28, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមមួយចំនួនទៀត។

      ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តំណាងសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចនេះ ក្រោយពីទទួលបានសំណើនេះ ក្រុមការងាររាជរដ្ឋាភិបាលក៏សម្រេចឲ្យមានការប្រជុំ ពិគ្រោះយោបល់ជាមួយតំណាងសង្គមស៊ីវិលទាំងនោះ។ ឯកឧត្តមបានបញ្ជាក់ថា ដោយគិតចាប់ពីខែវិច្ឆិការ ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាល បានជួបប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ចំនួន៦លើករួចមកហើយ។

      ឯកឧត្តមបានបន្ថែមថា កន្លងមក តំណាងសង្គមស៊ីវិលបានស្នើសុំលុបច្បាប់នេះតែម្ដង ប៉ុន្តែក្រោយពីទទួលបានការពន្យល់ពីរដ្ឋាភិបាល តំណាងទាំងនោះក៏យល់ច្រើនពីភាពចាំបាច់នៃច្បាប់នេះ ហើយស្នើសុំធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួនវិញ។ ចំពោះភាពចាំបាច់នៃច្បាប់នេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា ច្បាប់នេះមានសារៈសំខាន់ ព្រោះច្បាប់នេះកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយតម្រូវឲ្យមានការចុះបញ្ជីត្រឹមត្រូវ ទើប ការធ្វើសកម្មភាពនានាមានភាពស្របច្បាប់ និងក្លាយជានិតិបុគ្គលពេញលេញដែលបំរើដល់សកម្មភាពរបស់ពួកគាត់។

      ជាងនេះទៀត ឯកឧត្តម ក៏បានលើកឡើងថា មាត្រាដែលតំណាងអង្គការសង្គមស៊ីវិលស្នើធ្វើវិសោធនកម្មនោះមានចំនួន១៤ ប៉ុន្តែការធ្វើវិសោធនកម្មនេះត្រូវមានការពិភាក្សា និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីសម្រេចថាគួរធ្វើវិសោធនកម្មមាត្រាណាខ្លះ ឲ្យស្របទៅតាមកាលៈទេសៈ ការវិវត្តជាក់ស្ដែងរបស់សង្គមជាតិ។

      បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់ក្រុមការងារទាំងអស់ចូលរួមពិនិត្យ និងពិចារណា ហើយផ្តល់គំនិតយោបល់ចំពោះមាត្រាទាំង១៤ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដើម្បីជាមូលដ្ឋានក្នុងការសិក្សាលំអិតបន្ថែមទៀតលើខ្លឹមសារនីមួយៗនៃមាត្រាទាំង១៤នោះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ