អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន
August 27, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន មានបើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន។

      កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

      ថ្លែងជាកិច្ចចាប់ផ្តើម ឯកឧត្តមមានមតិស្វាគមន៍ និងបានជម្រាបថា តាមពិតកន្លងមក យើងមានបទបញ្ជាផ្ទៃក្នុងកំពុងតែអនុវត្តហើយ តែដោយសារការវិវត្ត ព្រមទាំងឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន ចាំបាច់ត្រូវកែសម្រួលដើម្បីបំពេញចំនុចខ្វះចន្លោះមួយចំនួន។ បន្ទាប់មក ឯកឧត្តម បានអនុញ្ញាត លោកឧត្តមសេនីយ៍ឯក ឈ្នាង ហួរ ប្រធាននាយកដ្ឋានរដ្ឋបាល សរុប អានសេចក្តីព្រាងបទបញ្ជានេះ ជូនអង្គប្រជុំជ្រាប។

      ឯកឧត្តមក៏បានដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា ផ្តល់ជាយោបល់។ ក្រោយពីអង្គប្រជុំ បានពិនិត្យ ពិភាក្សា បានផ្តល់ជាយោបល់យ៉ាងផុសផុលរួចមក សេចក្តីព្រាងបទបញ្ជានេះ ត្រូវបានជូនទៅក្រុមការងារកែសម្រួល និងបញ្ចូលធាតុថ្មីបន្ថែមទៀត។

      បន្ទាប់មក ឯកឧត្តមបានថ្លែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ អស់លោកដែលបានចូលរួមផ្តល់យោបល់មួយចំនួន ហើយសង្ឃឹមថា សេចក្តីព្រាងនេះ នឹងបានខ្លឹមសារកាន់តែប្រសើរនៅពេលដាក់ឱ្យអនុវត្ត។ ឆ្លៀតឱកាសនោះ ឯកឧត្តមបានលើកឡើងថា យើងបានរួមសហការគ្នា ផ្តល់យោបល់ ឯកភាពជាសមូហភាព ដែលឆ្លុះបញ្ចាំងស្មារតីដែលយើងបានចូលរួមទទួលខុសត្រូវទាំងអស់គ្នា និងដើម្បីផលប្រយោជន៍រួមរបស់អង្គភាព។ ឯកឧត្តមបានបន្តទៀតថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបានធាតុចូលថ្មីៗបន្ថែមទៀត ហើយវាចាំបាច់ណាស់ការរៀបចំបទបញ្ជាផ្ទៃក្នុងត្រូវមានខ្លឹមសារច្បាស់លាស់ដោយឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

      សូមជ្រាបថា អគ្គាធិការដ្ឋានបានតាក់តែងបទបញ្ជាផ្ទៃក្នុងថ្មីនេះ គឺដើម្បីពង្រឹងការអនុវត្ត តួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព លើកកម្ពស់ការអនុវត្តលិខិតបទដ្ឋាននានា សំដៅចូលរួមកែលម្អរដ្ឋបាលសាធារណៈ តាមរយៈការផ្លាស់ប្តូរអាកប្បកិរិយា ឥរិយាបថរបស់មន្ត្រី ក្នុងគោលបំណងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែរហ័ស មានប្រសិទ្ធភាព សម្រេចបានបេសកកម្មរបស់ក្រសួងមហាផ្ទៃ និងអគ្គាធិការដ្ឋាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ