អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រតិបត្តិការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ និងព័ត៌មាន ជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
August 14, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ និងព័ត៌មាន ជាមួយនិងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រោយមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសហការី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ឯកឧត្តមប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល សម្ដែងនូវសេចក្ដីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកឧត្តម បានលើកឡើងថា វិទ្យាស្ថានចូលរួមចំណែកច្រើនទាក់ទងនឹងការស្រាវជ្រាវពាក់ព័ន្ធនឹងមូលដ្ឋានឃុំ សង្កាត់ និងឯកសារស្រាវជ្រាវផ្សេងៗទៀតដែលបម្រើដល់ការអនុវត្តតួនាទី ភារៈកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយកិច្ចការស្រាវជ្រាវប្រកបដោយវិទ្យាជីវៈរបស់វិទ្យាស្ថានក៏មានសារៈសំខាន់សម្រាប់គាំទ្រដល់ការសិក្សាពីកំណែទម្រង់ថ្នាក់ក្រោមជាតិ ក៏ដូចជាការកែលម្អគោលនយោបាយផ្សេងៗនៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តែងតែជួយសម្របសម្រួល គាំទ្រដល់ប្រតិបត្តិការផ្សេងៗរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា តាមតែអាចធ្វើទៅបាន និងនូវតែបន្តសកម្មភាពនេះឲ្យបានល្អប្រសើរ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិទ្យាស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងនានាមួយចំនួនទៀត ដើម្បីរួមចំណែកបំពេញសេចក្ដីត្រូវការរបស់ប្រទេសជាតិ។ ឯកឧត្តម បន្តថា វិទ្យាស្ថាននឹងបន្តសហការ ចែករំលែកបទពិសោធន៍ និងលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន ក៏ដូចជាជួបពិភាក្សាបន្ថែមជាមួយក្រសួងមហាផ្ទៃ ក្នុងការរៀបចំផែនការលម្អិតផងដែរ។

      ជាងនេះទៀត ឯកឧត្តម ប្រាក់ សំអឿន បានបង្ហាញក្ដីសង្ឃឹមថា អគ្គនាយកដ្ឋានរដ្ឋបាលនឹងទទួលបានការសហការគ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា លើកិច្ចការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព ការចែករំលែកលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន បទពិសោធន៍ ចំណេះដឹងនានា ជាពិសេសពាក់ព័ន្ធនឹងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ក៏ដូចជាការងារពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

      សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ផ្ដោតសំខាន់លើការស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាព អប់រំ និងបរិស្ថាន។ ព្រមជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ មានសកម្មភាពមួយចំនួន ដូចជា៖ សហប្រតិបត្តិក្នុងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ, សហប្រតិបត្តិការក្នុងការរៀបចំសិក្ខាសាលា សន្និសីទ និងវគ្គបណ្ដុះបណ្ដាល, ការចែករំលែកនូវធនធានស្រាវជ្រាវ ស្ថិតិ និងព័ត៌មានពាក់ព័ន្ធ ព្រមទាំងលទ្ធផលនៃការស្រាវជ្រាវ, និងការអភិវឌ្ឍសមត្ថភាពដែលភាគីទាំងពីរឯកភាពគ្នា៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ