គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីឯកសារទស្សនទាន សម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
August 13, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ដីពីឯកសារទស្សនទាន សម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាមួយចំនួនផងដែរ។

      ឯកឧត្តម ង៉ាន់ ចំរើន បានលើកឡើងថា ឆ្នាំ២០២០ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១(២០១០-២០២០) ហេតុដូចនេះ ចាំបាច់ត្រូវរៀបចំតាក់តែងកម្មវិធីជាតិនេះដំណាក់កាលទី២ (២០២១-២០៣០)បន្ថែមទៀត ដើម្បីអោយសកម្មភាពអនុវត្តកម្មវិធីនេះអាចចាប់ផ្ដើមបានពីឆ្នាំ២០២១។ ឯកឧត្តម បន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានលក្ខណៈស្មុគស្មាញ និងសាំញ៉ាំ ដែលតម្រូវឲ្យមានផែនទីតម្រង់ទិសច្បាស់លាស់ និងត្រូវអនុវត្តទៅតាមបរិបទជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

      ជាងនេះទៀត ឯកឧត្តមបានបន្ថែមថា ការអនុវត្តកម្មវិធីជាតិក្នុងដំណាក់កាលទី១កន្លងមក ទទួលបានសមិទ្ធផលច្រើន តែក៏មានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យមានការរៀបចំដោះស្រាយ នាពេលអនាគត តាមរយៈកម្មវិធីជាតិ ដំណាក់កាលទី២នេះ។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា ឯកសារទស្សនទាន សម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២នេះ បានប្រជុំត្រួតពិនិត្យរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចាំបាច់ត្រូវពិភាក្សាបន្តជាមួយតំណាងក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ ក៏ដូចជាត្រូវមានកិច្ចប្រជុំពិភាក្សាបន្ថែមជាមួយនិងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

      គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំ (២០២១-២០៣០) ក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ