ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតសហព័ន្ធអូស្រ្តាលីប្រចាំកម្ពុជា និងលោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតសហព័ន្ធអូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូស្ថានទូតជួបពិភាក្សាការងារ ជាពិសេសបានណែនាំលោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP ថ្មីប្រចាំកម្ពុជា។
ឯកឧត្តម Pablo Chiho Kang បានជម្រាបជូន ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ថា កាលពីសប្តាហ៍មុន ឯកឧត្តមបានធ្វើទស្សនកិច្ចជាលើកដំបូងទៅខេត្តព្រះសីហនុ ហើយក៏បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកស្នងការនគរបាលខេត្ត ពាក់ព័ន្ធបទល្មើសផ្សេងៗ ក៏ដូចជាក្នុងស្ថានភាពជំងឺកូវីដ១៩ ដែលនាំឲ្យមានការថយចុះចំនួនអ្នកទេសចរណ៍ ថាតើមានបទល្មើសអ្វីខ្លះបានកើតឡើង ហើយបើតាមលោកស្នងការខេត្ត បញ្ជាក់អត្រាបទល្មើសបានថយចុះរហូតដល់ទៅ៩០ភាគរយ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងស្ថានភាពជំងឺកូវីដ១៩នេះ យើងសង្កេតឃើញមានអំពើហិង្សាកើតឡើងច្រើន ជាពិសេសពាក់ព័ន្ធទៅនឹងស្រ្តីភេទ។ ដូចដែល ឯកឧត្តមអគ្គស្នងការដឹងច្បាស់ហើយថា វត្តមានយើងខ្ញុំនៅទីនេះ គឺដើម្បីជួយធ្វើយ៉ាងណាឲ្យមានសមភាពយ៉េនឌ័រ ជាពិសេសដើម្បីឲ្យប្រទេសកម្ពុជាសម្រេចបានសមភាពយ៉េនឌ័រនេះផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមអគ្គស្នងការ អំពីជំនួបកាលពីកន្លងទៅជាមួយសម្តេចក្រឡាហោម ពាក់ព័ន្ធបញ្ហាកង្វល់មួយចំនួនរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងជំនួបនេះដែរ លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP ថ្មីប្រចាំកម្ពុជា ក៏សម្តែងនូវក្តីរំភើបរីករាយដែលបានមកធ្វើការនៅប្រទេសកម្ពុជា ជាពិសេសបានធ្វើការជាមួយនគរបាលជាតិកម្ពុជា។ ទោះបីជាលោកបានជួបពិភាក្សាការងារមួយចំនួនជាមួយស្ថានប័នផ្សេងយ៉ាណាក៏ដោយ ប៉ុន្តែស្ថាប័ននគរបាលជាតិកម្ពុជា គឺជាស្ថាប័នដ៏សំខាន់ផុតសម្រាប់នគរបាលសហព័ន្ធអូស្រ្តាលី និងក៏ជាដៃគូដ៏ល្អផងដែរ។
លោក Anthony Maguire ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គស្នងការ ដែលកន្លងទៅបានអនុញ្ញាតឲ្យបន្តចែករំលែកព័ត៌មាន បទពិសោធន៍ និងសហការបង្ការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។
លោកបន្តថា នគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា មានប្រវត្តិកិច្ចសហការគ្នាតាំងចាប់ពីឆ្នាំ២០០២មកម្លេះ ហើយដែលនៅពេលនោះក្រុមបង្រ្កាបបទល្មើសឧក្រិដ្ឋឆ្លងដែន (TCT) ក៏បានបង្កើតឡើងនៅពេលនោះផងដែរ។ ហើយជាការពិតណាស់រាល់នាយនគរបាលសម្របសម្រួលជាន់ខ្ពស់សហព័ន្ធអូស្រ្តាលី ដែលបានបំពេញភារកិច្ចនៅកម្ពុជា តែងតែទទួលបានកិច្ចសហការយ៉ាងល្អពីនគរបាលជាតិកម្ពុជា។ លោកបន្តថា នគរបាលសហព័ន្ធអូស្រ្តាលី បានទទួលកញ្ចប់ថវិកាចំនួនប្រមាណ ៣សែនដុល្លារអូស្រ្តាលី ដើម្បីត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងការការពារកុមារ ការលាងសម្អាតប្រាក់ ក៏ដូចជាបទឧក្រិដ្ឋឆ្លងដែនផងដែរ។ ទោះបីជាមានបញ្ហាខ្លះដោយសារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយនៅពេលដ៏ខ្លីខាងមុខលោកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្ហាញពីកិច្ចសហការល្អរវាងអូស្រ្តាលី និងកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ហើយបើតាមកិច្ចខិតខំប្រឹងប្រែងការងារផ្ទាល់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើឲ្យចំណងមិត្តភាពអូស្រ្តាលី និងកម្ពុជា កាន់តែល្អប្រសើរនិយាយជារួម ដោយឡែកនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា កាន់តែមានភាពរឹងមាំបន្ថែមទៀត ហើយក៏សូមថ្លែងអំណរគុណចំពោះព័ត៌មានអំពីទស្សនកិច្ចនៅខេត្តព្រះសីហនុ និងគាំទ្រចំពោះអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើក ហើយក៏សូមគាំទ្រនូវអ្វីដែលជាការបារម្ភរបស់ឯកឧត្តម ដែលបានពាំនាំជម្រាបជូនសម្តេចក្រឡាហោម ពាក់ព័ន្ធបញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាយ៉េនឌ័រ។ ឯកឧត្តមអគ្គស្នងការ ក៏បានស្វាគមន៍ចំពោះ លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP ថ្មីប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ ប៉ុន្តែលោកនៅតែបន្តមកបំពេញបេសកកម្មនៅកម្ពុជា ហើយនេះក៏ជាចំណុចមួយដែលបញ្ជាក់ថា យើងកំពុងរៀនរស់នៅតាមរបៀបថ្មី មានន័យថាយើងធ្វើការផង យើងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ផង យើងមិនចាំដល់ជំងឺកូវីដ១៩ចប់ បានយើងធ្វើការនោះទេ។ តាមរយៈ លោក Anthony Maguire ឯកឧត្តមអគ្គស្នងការ ក៏បានផ្តាំផ្ញើអរគុណចំពោះ ឯកឧត្តមអគ្គស្នងការអូស្រ្តាលី ដែលលោកតែងតែបន្តកិច្ចសហការល្អជាមួយកម្ពុជា។ ហើយតាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត នគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី នឹងរួមកិច្ចសហការគ្នាបន្តទៀតសម្រាប់តំបន់ ក៏ដូចជាប្រទេសយើងទាំងពីរ ដោយបច្ចុប្បន្ននេះ យើងត្រូវការបង្កើនកិច្ចសហការជាងមុន។
ឯកឧត្តមអគ្គស្នងការ ក៏បានផ្តល់លទ្ធភាពដល់លោក Anthony Maguire ធ្វើការទំនាក់ទំនងការងារជាមួយអគ្គស្នងការរង នាយកដ្ឋានជំនាញ ឬក៏ស្នងការទាំង២៥រាជធានី-ខេត្ត។ មានន័យថា យើងនៅបន្តធ្វើការជាមួយ AFP ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋឆ្លងដែន ដែលបច្ចុប្បន្នយើងនៅរក្សា MOU ចំនួន២ ជាមួយ AFP ទី១-គឺ TCT និងទី២-MOU ស្តីពីបង្កើតក្រុមប្រតិបត្តិការចម្រុះប្រឆាំងបទឧក្រិដ្ឋគ្រឿងញៀនមេតំហ្វេតាមីន។
ឯកឧត្តមអគ្គស្នងការ ក៏បានឆ្លើយតបទៅនឹងការបារម្ភចំនួន៣ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ទី១-ការឃាត់ខ្លួន គឺមិនមែនឃាត់ខ្លួនគណៈបក្សនយោបាយប្រឆាំងនោះទេ គឺឃាត់ខ្លួនបុគ្គលណាដែលធ្វើខុសច្បាប់ ហើយការអនុវត្តច្បាប់នេះមិនមានលម្អៀងទៅគណៈបក្សនយោបាយណាមួយឡើយ។ ទី២-ចំពោះការតវ៉ានៅមុខតុលាការ បើសមត្ថកិច្ចមិនមានការទប់ស្កាត់នោះនឹងនាំឲ្យមានបញ្ហាធំដុំ អាចយកការទាមទារដោះលែង ទៅជាចលនាប្រឆាំងមួយ ជាពិសេសខុសនឹងវិធានការរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលហាមប្រាមការជួបជុំគ្នា ហើយការប្រមូលផ្តុំតវ៉ា ឬការធ្វើបាតុកម្ម ត្រូវមានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយឡែកពាក់ព័ន្ធការតវ៉ា ការដោះលែងណាមួយត្រូវជ្រើសរើសរកមេធាវីស្បបច្បាប់ ដើម្បីយកទៅការពារនៅចំពោះមុខតុលាការ មិនត្រូវនាំគ្នាធ្វើការតវ៉ាដោយមានការដាក់សម្ពាធទៅតុលាការនោះទេ។ ទី៣-ការប៉ះទង្គិច ឬហិង្សា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ តែងតែលើកទឹកចិត្តការពារកុំឲ្យមានអំពើហិង្សាការប្រទូសរ៉ាយណាមួយកើតឡើង ហើយការដោះស្រាយបញ្ហាមិនមែនយកហិង្សាមកដោះស្រាយនោះទេ ហើយបញ្ហានេះយើងតែងតែអប់រំមន្រ្តីរបស់យើង ដើម្បីជៀសវាងការប៉ះទង្គិចណាមួយ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ