អាជ្ញាធរជាតិបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទៅបម្រេីការងារនៅមជ្ឈមណ្ឌលជាតិ ខេត្តព្រះសីហនុ ដែលនឹងដាក់ឱ្យដំណេីរការនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ
August 11, 2020    អ្នកទស្សនា :

      រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (កម្ពុជា)និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (ថៃ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីដែលត្រូវទៅបម្រេីនៅមជ្ឈមណ្ឌលជាតិ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានសិក្ខាកាមមកពី មន្រ្តីពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពីក្រសួងសុខាភិបាល និងមន្រ្តីពីមណ្ឌលកងពលលេខ៣១ ខេត្តកំពត និងឱកាសថ្មី ខេត្តក្រចេះ។

      លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង បានមានប្រសាសន៍ស្វាគមន៍និងរបាយការណ៍ថា កម្ពុជាប្រកាន់ខ្ចាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌល បណ្តោះអាសន្ននានា។ ក្នុងរយៈពេល៦ខែដេីមឆ្នាំ២០២០ កម្ពុជាគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿង ញៀនបានចំនួន១២.៩៤២នាក់ ក្នុងនោះអ្នក ដែលបានជាសះស្បើយពីគ្រឿងញៀន និងធ្វើសមាហរណកម្មចេញពីមណ្ឌលមានចំនួន៤.៨៣៩នាក់ អ្នកញៀនគ្រឿងញៀន ដែលបន្តធ្វើការបន្សាបព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្នមានចំនួន ៤.០៦៣នាក់ និងអ្នកញៀនគ្រឿងញៀនដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ក្នុង រាជធានី-ខេត្តមានចំនួន៣.៣៨២នាក់។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់កិច្ចសហការល្អ គាំទ្រគ្នាទៅវិញទៅមកសំដៅពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀនលេីគ្រប់វិស័យ ដេីម្បីសុខមាលភាពប្រជាពលរដ្ឋប្រទេសយេីងទាំងពីរកម្ពុជា-ថៃ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា វគ្គបណ្តុះបណ្តាលនេះធ្វេីឡេីងស្របពេលដែលកម្ពុជារៀបចំដាក់ឱ្យដំណេីរការនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខចំពេលខួប៧០ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាពព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

      ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបន្តជម្រុញឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពង្រឹងនិងបង្កើត គណៈកម្មការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿង ញៀន ដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ដើម្បីគាំទ្រឲ្យអ្នកប្រើប្រាស់និងអ្នកញៀនគ្រឿងញៀន មានភាពងាយស្រួលទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែក ដោយមិនគិតថ្លៃ មានចំនួន៤៥០កន្លែង និងលើកកម្ពស់ការថែទាំបន្តនៅតាមសហគមន៍ ដោយបាន និងកំពុងជម្រុញការងាររៀបចំទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿង ញៀនឲ្យស៊ី សង្វាក់គ្នារវាងស្ថាប័នអនុវត្តច្បាប់ ជាមួយនឹងស្ថាប័នផ្តល់សេវាសុខភាពសាធារណ។

      សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងមានរយ:ពេលបីថ្ងៃ ថ្ងៃទី១១ -១៣ ខែសីហា ឆ្នាំ២០២០ ហេីយមានចែករំលែកនូវបទពិសោធន៍ ផ្នែកច្បាប់ ផ្នែកទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែង៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ