សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
August 11, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក មន្ត្រីលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើនផងដែរ។

      នាឱកាសនោះ ឯកឧត្តម នុត សាអាន ប្រធាន គ.ជ.ប.ទ បានថ្លែងថា ដោយស្មារតីទទួលខុសត្រូវខ្ពស់ សមាជិក-សមាជិកា គ.ជ.ប.ទ និងមន្ដ្រីលេខាធិការដ្ឋាន បានចាប់បំពេញតួនាទីរបស់ខ្លួនចាប់ពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីមន្ដ្រី នៃគណៈកម្មាធិការជាតិរៀបចំផ្លាស់ប្ដូរទៅកន្លែងថ្មី។ បើគិតមកដល់ថ្ងៃនេះ មានរយៈពេលជាង២ឆ្នាំហើយ ទោះបីមិនទាន់មានការិយាល័យ និងថវិកាដំណើរការការងារគ្រប់គ្រាន់ សមស្រប និងគ្មានមធ្យោបាយធ្វើដំណើរ របស់អង្គភាព ជាពិសេស នៅដើមឆ្នាំ២០២០នេះ ដោយសារ បញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការងារចុះត្រួតពិនិត្យតាម ទីកន្លែងដកហូតសេរីភាព និងការចុះអប់ រំផ្សព្វផ្សាយលិខិតបទដ្ឋាននានា តាមបណ្ដារាជធានី-ខេត្ត។

      ជាងនេះទៅទៀត ឯកឧត្តម នុត សាអាន បានបញ្ជាក់ថា គ.ជ.ប.ទ បានចុះត្រួតពិនិត្យតាមទីកន្លែងឃុំ ឃាំង និងបានចុះត្រួតពិនិត្យភាពមិនប្រក្រតី ដែលពាក់ព័ន្ធនឹងទារុណកម្ម បានរកឃើញបញ្ហាប្រឈម នានា និងបានផ្ដល់អនុសាសន៍កែលម្អជូនអាជ្ញាធរពាក់ព័ន្ធផងដែរ។

      សូមជម្រាបថា មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជា សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបំពាក់ឋានន្តរស័ក្តិ ព្រមទាំងគ្រឿងឥស្សរិយយសជូននាពេលនេះ រួមមាន៖ សមាជិក គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម មានចំនួន៤រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ឯក មានចំនួន១រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ទោ មានចំនួន២រូប និងបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ មានចំនួន១រូប។

      សូមបញ្ជាក់ដែរថា បច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេសផ្ទុកអ្នកជាប់ឃុំ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន៣៩.៣១៦នាក់ ស្ដ្រី២.៥៧១នាក់ ក្នុងនោះ មានជនបរទេសចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី៧២នាក់។ ក្នុងចំណោមជនជាប់ឃុំសរុបត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំ ដូចជា ៖ ជនត្រូវចោទ៨.៩០០នាក់ ក្នុងនោះ៥៦៧នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់។ ជនជាប់ចោទ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់។ ទណ្ឌិត១០.៩៥០នាក់ ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។ ហើយបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស៩,៥៤% បទល្មើសលួច៧,២៧% រំលោភសេពសន្ថវៈ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ១៣,១០%។

      ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់គណៈ កម្មាធិការជាតិប្រឆាំងទារុណ ដេីម្បីចូលរួមទប់ស្កាត់ការធ្វេីទារុណកម្ម និងប្រព្រឹត្តកម្មមិនគម្បីផ្សេងៗ សំដៅ កសាងព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជានីរដ្ឋ កាន់តែល្អប្រសេីរ។

      ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍បំពេញបន្ថែមមួយចំនួនសម្រាប់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងជនត្រូវបានដកហូត សេរីភាព ដើម្បីអនុវត្តឲ្យស្របតាមច្បាប់ជាតិ និងស្មារតីនៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែ មលើអនុសញ្ញានេះដូចតទៅ៖

-ត្រូវបន្ដអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត ព្រមទាំងបទបញ្ញត្តិទាំងឡាយក្នុងច្បាប់ជាតិដែលពាក់ព័ន្ធ ទៅដល់អាជ្ញាធរ សាធារណៈ និងមន្ដ្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។

-ត្រូវចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោល ដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្ដល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូត សេរីភាពស្របតាមនីតិវិធីច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធី សារបន្ថែម។

-ត្រូវសហការគ្នាឲ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាពិសេសត្រូវទំនាក់ទំនងល្អ និងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

-ត្រូវលើកកំពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

-ត្រូវសហការបង្កលក្ខណៈងាយស្រួលដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិ ការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ ឲ្យបំពេញកាតព្វកិច្ចតាមអណត្តិការងាររបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព សំដៅរួមចំណែកដល់ការលើកកម្ពស់សិទ្ធមនុស្សប្រចាំកម្ពុជាឲ្យកាន់តែប្រសើរឡើង ថែមទៀ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ