ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីបើកសិក្ខាសាលាលើគម្រោងកសាងសមត្ថភាពដល់តំណាងអង្គការសង្គមស៊ីវិលនៅកម្ពុជា
August 10, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាលើគម្រោងកសាងសមត្ថភាពដល់តំណាងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ UNDP ក្រោមជំនួយឧប្ថម្ភរបស់រដ្ឋាភិបាលជប៉ុន នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nick Beresford តំណាងអង្គការ UNSP ប្រចាំប្រទេសកម្ពុជា ព្រមជាមួយតំណាងបណ្តាអង្គការសង្គមស៊ីវិលប្រមាណ៤០រូបផងដែរ។

      ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តម សូមអបអរសាទរចំពោះការដាក់អោយដំណើការលើគម្រោងដ៏មានសារសំខាន់នេះ ព្រោះថាគម្រោងនេះនឹងផ្តល់ឱកាសសម្រាប់ការសន្ទនាប្រកបដោយបរិយាប័ន្នលើបញ្ហានានារវាងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋជាមួយ និងអាជ្ញាធរសាធារណៈ ពិសេសការជួយកសាងសមត្ថភាពស្ថាប័នរបស់អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន និងមន្រ្តីរបស់រាជរដ្ឋាភិបាលផងដែរ។

      ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការ តែងតែគាំទ្រនូវរាល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល និងបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិស្ទើរគ្រប់វិស័យដែលមានជាអាទិ៍ រួមមាន វិស័យអប់រំ សុខាភិបាល សាសនា កសិកម្ម បរិស្ថាន និងធនធានធម្មជាតិ។ល។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជម្រុញគាំទ្រ និងជួយសម្រួលដោះស្រាយនូវសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល ដើម្បីធ្វើយ៉ាងណាឱ្យអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ដោយរលូនតាមរយៈយន្តការនានា ដូចជាការរៀបចំអោយមានវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្រសួងមហាផ្ទៃបានកំណត់ថា វេទិកានេះត្រូវតែរៀបចំធ្វើឡើងអោយបានយ៉ាងតិចចំនួនពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណងផ្តល់លទ្ធភាពអោយអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបសន្ទនាគ្នា និងពិភាក្សា ព្រមទាំងស្តាប់នូវសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល និងការផ្តល់នូវដំណោះស្រាយសមស្របពីរាជរដ្ឋាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។ លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃបានរៀបចំប្រជុំពិភាក្សា ពីគ្រោះយោបល់ចំនួន ០៦លើកមកហើយ ជាមួយតំណាងអង្គការសង្គមស៊ីវិលមកពីគ្រប់វិស័យ ដើម្បីពិភាក្សាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៧មាត្រា។

      ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើអោយមានលំហរសង្គមស៊ីវិល ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះមានអង្គការ និងសមាគមសរុបចំនួន ៥៦៨៣ ដែលកំពុងធ្វើសកម្មភាពដោយសេរីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន, អង្គការ UNDP និងភាគីពាក់ព័ន្ធដ៏ទៃទៀត ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងកិច្ចការអភិវឌ្ឍប្រទេសកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ