អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
August 10, 2020    អ្នកទស្សនា :

      អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយករង ប្រធាន អនុប្រធានាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលរាជធានី-ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរាជធានី ខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ថា ដោយសារមានបញ្ហានៃជម្ងឺកូវីដ-១៩ ទើបកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានពន្យាពេលមួយរយៈចាប់តាំងពីកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងមក ដោយសារស្ថានភាពជម្ងឺកូវីដ-១៩ ប៉ុន្តែដោយមើលឃើញមានការងារជាច្រើនត្រូវពិនិត្យ និងពិភាក្សាគ្នា ទើបយើងសម្រេចរៀបចំកិច្ចប្រជុំនេះឡើង ទទឹមនេះយើងក៏ត្រូវបន្តពង្រឹងការការពារឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងពេលយើងជួបជុំគ្នានាពេលនេះ ដោយមិនមានឱ្យមានការធ្វេសប្រហែសបានឡើយ។

      ឯកឧត្តម បានបន្តថា កាលពីកិច្ចប្រជុំចុងឆ្នាំ ២០១៩នោះ គឺយើងទទួលបានលទ្ធផលល្អប្រសើរមួយចំនួនរួចហើយ និងបានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ហើយមកដល់ពេលនេះបញ្ហាទាំងអស់នេះក៏ត្រូវបានដោះស្រាយបានមួយចំនួនរួចហើយ ដោយឡែកថ្ងៃនេះយើងនិងពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមបន្ថែមទៀត ដើម្បីដោះស្រាយបន្ត ធ្វើយ៉ាងណាឱ្យការងារបម្រើសេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិមានភាពសមស្រប ឆ្លើយតបបានទាន់ពេលវេលា និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

      លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពការងារក្នុងរយៈពេលកន្លងមកថា អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានរៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងបានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីព័ត៌មានវិទ្យានេះនៅរាជធានី ខេត្តបានចំនួន០៩គោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

      លើសពីនេះទៀត ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២០ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទទួលបានលទ្ធផលរួមមាន៖ បម្រើសេវាបានចំនួន២៩០.២៥៩ សេវា និងចំណូលសេវាសរុបចំនួន៣៧.៣០៦.២៩២.៨៨៧រៀល ស្មើនឹង៩.៣២៦.៥៧៣.២២១ដុល្លារអាមេរិច។

      ដោយឡែកសម្រាប់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទាំង១១៥គោលដៅទូទាំងរាជធានីខេត្ត ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២០នេះ បានបម្រើសសេវាសរុប ចំនួន៨៧៥.០៨៧.សេវា និងចំណូលសរុបចំនួន ៧.៩១៦.៥១៧.៣៤៧រៀល ប្រហែល១.៩៧៩.១២៩.៣៣៦ ដុល្លារអាមេរិច។

      សូមជម្រាបផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទើបទទួលបានជ័យលាភីពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលវាយតម្លៃជ្រើសរើសដោយគណៈចៅក្រមនៃកម្មវិធី Cambodia ICT Awards 2020។

      សូមបញ្ជាក់ថាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា Cambodia ICT Awards ឬហៅកាត់ថា CICTA (see-ta) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ