អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនគរបាលជាតិ ជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ
August 07, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនគរបាលជាតិ ជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ។

      ពិធីបិទវគ្គបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ។ ពិធីបិទបញ្ចប់វគ្គ មានការចូលរួមពីសិក្ខាកាមគ្រប់វគ្គ មានចំនួន សរុប ៤៩៦នាក់។

      អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះ ចេញពីសមត្ថភាពនៃគ្រូបង្វឹក ដែលទទួលបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ។

      ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានប្រសាសន៍ថាបន្ថែមថា បើទោះវគ្គសិក្សានេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែអ្វីដែលជាមោទនភាព គឺការទទួលយកបាននូវសមត្ថភាពនៃការរៀនសូត្រ ហ្វឹកហាត់ សមយុទ្ធ បច្ចេកទេស ទ្រឹស្តី និងការរស់នៅជាសមូហភាព។

      ឯកឧត្តមអគ្គស្នងការរង បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំទំាងអស់ បានយកចិត្តទុកដាក់តាមដានទៅលើការសិក្សារៀនសូត្រ របស់សិក្ខាកាម ដែលជាពន្លកថ្មី ជាធនធាននៃកងកម្លាំងនគរបាលជាតិ ហើយក៏ជាទីសង្ឃឹមនៃកងកម្លាំងនគរបាលជាតិ ដែលបានរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិ។

      ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាគ្រូបង្គោល ដែលបានចែករំលែកចំណេះដឹងជូនដល់សិក្ខាកាម នៅក្នុងវគ្គសិក្សានេះ ទទួលបានជោគជ័យដ៏ល្អប្រសើរ។

      របាយការណ៍របស់នាយកដ្ឋានអង្គរក្ស បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលការសិក្សាជំនាញការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ បានបញ្ចប់ ក្នុងវគ្គចំនួន៣ ដែលមានសិក្ខាកាមសរុប ២៦២នាក់។ វគ្គទី១-មានសិក្ខាកាម ចំនួន១២០នាក់ (នារី៥នាក់) សិក្សាចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ (បង្រៀនដោយគ្រូជំនាញឯកទេសនាយកដ្ឋានអង្គរក្ស ចំនួន១២នាក់)។ វគ្គទី២-មានសិក្ខាកាមចំនួន ៧៤នាក់ (នារី២៦នាក់) សិក្សាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២០ (បង្រៀនដោយគ្រូជំនាញឯកទេសនាយកដ្ឋានអង្គរក្ស ចំនួន១២នាក់)។ វគ្គទី៣-មានសិក្ខាកាម ៦៨នាក់ (នារី២០នាក់) សិក្សាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ (បង្រៀនដោយគ្រូជំនាញឯកទេសនាយកដ្ឋានអង្គរក្ស ចំនួន១២នាក់)។

      មុខជំនាញបច្ចេកទេសដែលបានបណ្តុះបណ្តាលរួមមាន៖ ការការពារដោយថ្មើជើង, សុវត្ថិភាពប្រើប្រាស់អាវុធ, ការចេញ និងចូលរថយន្ត, ក្រុមត្រួតពិនិត្យ (SAP-Security Advance Party), គម្រោងការមកដល់ និងការចាកចេញ និងការទំនាក់ទំនងអង្គរក្សបរទេស។ វគ្គសិក្សានេះ ក៏បានឲ្យសិក្ខាកាមអនុវត្តន៍ជាក់ស្តែងនូវការបើកបររថយន្ត ការប្រើប្រាស់វិទ្យុទាក់ទង ការប្រើប្រាសអាវុធ។ល។

      សម្រាប់វគ្គសិក្សាដែលបានបិទបញ្ចប់នេះ គណៈកម្មការគ្រប់គ្រងវគ្គបានពិនិត្យវាយតម្លៃអំពីលទ្ធផលសិក្សាពិនិត្យឃើញមាន និទ្ទេសល្អ ចំនួន ១២៣នាក់ ស្មើនឹង ៤៦,៩៥ភាគរយ, និទ្ទេសល្អបង្គួរ ចំនួន ១០៣នាក់ ស្មើនឹង ៣៩,៣១ភាគរយ, និទ្ទេសមធ្យម ចំនួន១៨នាក់ ស្មើនឹង៦,៨៧ភាគរយ, និទ្ទេសខ្សោយ ចំនួន ១៨នាក់ ស្មើនឹង ៦,៨៧ភាគរយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ