ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទទួលបានពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Best E-government Service of The Year - Cambodia ICT Awards 2020)
August 07, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីប្រគល់-ទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្ដាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា តំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុន ICT និស្សិតវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) និងអស់លោក លោកស្រីជាច្រើនរូប។

      តាមរយៈការដាក់ពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងយកពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន (Cambodia ICT Awards 2020) ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជ័យលាភីពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីបានវាយតម្លៃជ្រើសរើសដោយគណៈចៅក្រមនៃកម្មវិធី Cambodia ICT Awards 2020។

      ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នេះ បានផ្តួចផ្តើម និងរៀបចំបង្កើតឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅរាជធានី ខេត្តចំនួន៩ រួចហើយ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ(One Window Service Unit Management Information System) គឺជាប្រព័ន្ធមួយដ៏មានសារ:សំខាន់សម្រាប់គ្រប់គ្រង​ និងតាមដានអំពីប្រតិបត្តិការនៃការផ្តល់សេវារដ្ឋបាលតាមបែបព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រជាពលរដ្ឋអាចតាមដានប្រតិបត្តិការនៃការស្នើសុំសេវារបស់ពួកគាត់ តាមរយៈកម្មវិធីទូរស័ព្ទដៃ ដែលអាចអោយគាត់ដឹងថា តើពាក្យស្នើសុំរបស់គាត់បានដំណើរការដល់ជំហានមួយណា ហេីយ​នៅសល់រយៈពេលប៉ុន្មានទៀតទើបរួចរាល់។

      សូមបញ្ជាក់ថាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា Cambodia ICT Awards ឬហៅកាត់ថា CICTA (see-ta) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ