អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២០
August 05, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

      ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានមានមតិស្វាគមន៍ និងបានអនុញ្ញាតឱ្យលោកវរសេនីទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យសរុបវិភាគ និងផែនការ ជម្រាបសង្ខេបរបាយការណ៍ជូនសមាជិក សមាជិកានៃអង្គប្រជុំ។ បន្ទាប់មក ឯកឧត្តមបានដាក់ជូនលោកប្រធាននាយកដ្ឋានជំនាញទាំងអស់ពិនិត្យតួលេខសំណុំរឿងរបស់ខ្លួន ឬខ្លឹមសារត្រូវកែសម្រួល។ ដោយទទួលការអនុញ្ញាត លោកប្រធាននាយកដ្ឋានបានពិនិត្យរួច សូមគាំទ្រ និងឯកភាពថាត្រឹមត្រូវហើយ។ ជាកិច្ចបន្ត ឯកឧត្តមបានដាក់ជូនអង្គប្រជុំពិនិត្យ ពិភាក្សា ហើយអង្គប្រជុំបានកោតសរសើចំពោះទម្រង់របាយការណ៍នេះ តែក៏បានកែសម្រួល និងដាក់បញ្ចូលខ្លឹមសារថ្មីមួយចំនួនផងដែរ ដើម្បីឱ្យរបាយការណ៍កាន់តែល្អប្រសើរ។

      ឆ្លៀតឱកាសនោះ ឯកឧត្តមបានធ្វើការណែនាំពាក់ព័ន្ធនឹង ការវិភាគមុខងារ ស្នើឯកឧត្ដម លោកជំទាវ ចូលរួមសហការជាមួយលោកប្រធាននាយកដ្ឋានពិនិត្យបានម៉ត់ចត់ ដើម្បីកំណត់ចំនួន និងជំនាញរបស់មន្ត្រី ឆ្លើយតបឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែងរបស់អគ្គាធិការដ្ឋាន។

ឯកឧត្តមបានកោតសរសើរមន្ត្រីជំនាញកាន់តែមានការយល់ដឹងច្រើនពាក់ព័ន្ធការជ្រើសរើសសំណុំរឿង ដែលជាសមត្ថកិច្ចរបស់អគ្គាធិការដ្ឋាន ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំបន្ថែមថា ការជ្រើសរើសសំណុំរឿងដែលសារព័ត៌មានបានចុះផ្សាយ ត្រូវពិនិត្យថា រឿងណាជាអាទិភាព និងជាបន្តបន្ទាប់តាមលំដាប់ ហើយការចរាចរឯកសារមានភាពលឿនផងដែរ។

ឯកឧត្តមបន្តណែនាំទៀតថា ការចុះអង្កេតស្រាវជ្រាវ ឬធ្វើអធិការកិច្ចត្រូវអនុវត្តតាមគោលការណ៍សម្រេចរបស់ថ្នាក់ដឹកនាំក្រសួងក្នុងរង្វង់ដែលអនុញ្ញាតប៉ុណ្ណោះ។ ដោយឡែក ក្រុមការងារដែលចុះអង្កេតស្រាវជ្រាវឬធ្វើអធិការកិច្ច ត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ករណីនេះនៅតែមិនអាចសម្រេចបានទេ អាចដូរក្រុមការងារថ្មីធ្វើកិច្ចការនេះបន្តហើយ។

      ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងបញ្ហាអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលបានសេចក្តីជូនដំណឹង(សជណ)របស់ក្រសួងមហាផ្ទៃហើយ តែមិនបានឆ្លើយតបមកក្រសួងវិញ បញ្ហាវត្តមានមន្ត្រី និងការដំឡើងសក្តិដែលខុសនីតិវិធីផងដែរ។ ឯកឧត្តមបន្តការលើកឡើងកង្វះខាត បញ្ហាប្រឈម សំណូមពររបស់នាយកដ្ឋាន ស្នើលោកប្រធាននាយកដ្ឋានពិនិត្យជាក់ស្តែង រួចធ្វើរបាយការណ៍មកដើម្បីឯកឧត្តមមានមូលដ្ឋានពិនិត្យ និងជួយសម្រួលតាមលទ្ធភាពជាក់ស្តែង។

      ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណ និងស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី បន្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មនសិការការងារ ដើម្បីផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ