សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ
August 05, 2020    អ្នកទស្សនា :

       នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារ សម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងមក ធនាគារឯកជនចំនួន៤ បានស្នើសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់សំណើសុំកិច្ចសហការនេះ សម្ដេចក៏បានចាត់ចែងឲ្យនាយកដ្ឋានពាក់ព័ន្ធធ្វើការសិក្សា និងរៀបចំក្រុមការងារដើម្បីពិភាក្សាជាមួយធនាគារដៃគូរទាំងនោះ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីសំណើសុំកិច្ចសហប្រតិបត្តិការរបស់ធនាគារឯកជនចំនួន៤ ដែលមានកម្មវត្ថុផ្សេងៗគ្នា។ ក្នុងនោះ ឯកឧត្តមបានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានសហការជាមួយក្រុមបច្ចេកទេស និងធនាគារដែលបានស្នើនោះដើម្បីសិក្សាលើកិច្ចការងារនេះ និងបានបង្កើតក្រុមការងារក្នុងការអនុវត្តការងារពាក់ព័ន្ធនានា និងចូលរួមកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងតំណាងធនាគារ ដើម្បីរកវិធីសាស្ត្រអនុវត្តឲ្យបានសមស្រប។

      ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាបន្ថែមពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនីមួយៗឲ្យកាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ