សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសញ្ញាជាសកល ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព នៅសណ្ឋាគារអ៊ិនធឺកុងទីណង់តាល់
October 10, 2017    អ្នកទស្សនា :

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារអ៊ិនធឺកុងទីណង់តាល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសញ្ញាជាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព ដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ជ.ប.ជ បានធ្វើសេចក្តីរាយការណ៍ គោរពជូនសម្តេចក្រឡាហោម និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជ្រាបថា៖ ការពិភាក្សាពិគ្រោះយោបល់ដែលមានរយៈពេល០១ថ្ងៃនេះគឺ ផ្តោតទៅលើវិស័យទាំង០៦ ដូចខាងក្រោម៖
-វិស័យទី១៖ សិទ្ធិមនុស្សរបស់ជនទេសន្តរប្រវេសន៍ ជាពិសេស ស្រ្តី កុមារ ភាពរើសអើង និងបែងចែកជនទេសន្តរប្រវេសន៍
-វិស័យទី២៖ ការឆ្លើយតបទៅនឹងកត្តាដែលនាំឱ្យមានទេសន្តរប្រវេសន៍ រាប់ទាំងកត្តាប្រែប្រួលអាកាសធាតុ
-វិស័យទី៣៖កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ និងការគ្រប់គ្រងទេសន្តរប្រវេសន៍ គ្រប់ទិដ្ឋភាព
-វិស័យទី៤៖ ការរួមចំណែករបស់ជនទេសន្តរប្រវេសន៍ ដល់ការអភិវឌ្ឍន៍គ្រប់វិស័យប្រកបដោយចីរភាព
-វិស័យទី៥៖  ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើរត់ពន្ធជនទេសន្តរប្រវេសន៍ និងទម្រង់នៃទាសភាពសម័យថ្មី
-វិស័យទី៦៖ វិធានការចំពោះទេសន្តរប្រវេសន៍មិនប្រក្រតី និងដំណើរការឱ្យមានប្រក្រតីភាព និងភាពស្របច្បាប់នៃទេសន្តរប្រវេសន៍។
លោកស្រី Nenettle Motus ប្រធានប្រចាំតំបន់នៃអង្គការIOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានសម្តែងសេចក្តីរីករាយណាស់ ដែលសម្តេចក្រឡាហោម បានផ្តល់កិត្តិយសមកចូលរួមបើកសិក្ខាសាលានេះ និងផ្តល់ឱកាសឱ្យលោកស្រីឡើងថ្លែងការណ៍អំពីចំណាប់អារម្មណ៍ចំពោះសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសញ្ញាជាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព។
លោកស្រី  Claire Van der Vaeren តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានឡើងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្តេចក្រឡាហោម និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានចាត់ឱ្យមានសិក្ខាសាលានេះឡើង ព្រោះលោកស្រីគិតថា ការពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសញ្ញាជាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព មានសារប្រយោជន៍ណាស់ ដើម្បីរកដំណោះស្រាយជូនជនទេសន្តរប្រវេសន៍មិនប្រក្រតីរបស់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាលផ្តាំផ្ញើទៅអង្គសិក្ខាសាលាទាំងមូលឱ្យយកចិត្តទុកដាក់ខ្ពស់លើកិច្ចពិភាក្សា និងរកដំណោះស្រាយ គ្រប់វិស័យទាំង០៦ឱ្យបានល្អ ពិសេសអាជ្ញាធរពាក់ព័ន្ធ មាននគរបាលអន្តោប្រវេសន៍ និងក្រសួងការងារ..ជាដើម។
សម្តេចបានបន្តទៀតថា អង្គសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយអំពីវិធានការដំណើរការទប់ស្កាត់ នីតិវិធីស្របច្បាប់ផ្សេងៗដែលពាក់ព័ន្ធនិងជនទេសន្តរប្រវេសន៍មិនប្រក្រតី។ ការផ្សព្វផ្សាយអប់រំគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងបានខ្ពស់អំពីបញ្ហាទាំងនេះ អីចឹងហើយ បានជាក្រសួងមហាផ្ទៃបានប្រជុំបង្កើតការិយាល័យ ផ្តល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ដែលមានបំណង រកការងារធ្វើសម្រាប់អ្នកខេត្តបាត់ដំបង និងបន្ទាយមានជ័យ គ្រាន់តែមិនទាន់កំណត់ទីតាំងគួរដាក់នៅតាមព្រំដែន ឬនៅស្នងការដ្ឋាននគរបាលខេត្ត។ ជាចុងបញ្ចប់នៃសុន្ទរកថា សម្តេច បានជូនពរសុខភាពល្អ និងឱ្យអង្គសិក្ខាសាលាទាំងមូលទទួលបានជោគជ័យក្នុងការសិក្សា ពិគ្រោះយោបល់រកដំណោះស្រាយជូនជនទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ