ក្រសួងមហាផ្ទៃ បន្ដកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន
August 04, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន លើជំពូកទី០៤ មាត្រា១១ ស្ដីពី ការអនុវត្តបទបញ្ញត្តិ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

      នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ថ្ងៃនេះ យើងបន្ដប្រជុំពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលច្បាប់នេះ យើងបានជួបប្រជុំគ្នាជាច្រើនលើកមកហើយ និងបានពិគ្រោះយោបល់ជាមួយក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក និងអ្នកជំនាញការនៃក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកផងដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ»។

      សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

      ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្ត នៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ។

      សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មានបានរៀបចំប្រជុំអន្តរក្រសួង និងអន្តរអគ្គនាយកដ្ឋានសរុបទាំងអស់៥២លើក ដោយឡែកកិច្ចប្រជុំក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន៨លើក៕

ដោយ៖ នាយកដ្ឋានព័តមានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ