ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
August 03, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកវគ្គភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីឯកឧត្តម ឡេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នាយក និងនាយករង នៃសាលាជាតិរដ្ឋបាល សិក្ខាកាមដែលជាប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ១២៧រូប មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឡេង វី រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់កិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក៏ដូចជាថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារនាយកដ្ឋានបណ្ដុះបណ្ដាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌនេះ។

      ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ និងជាកាតព្វកិច្ចរបស់ប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនសមត្ថភាព និងការទទួលខុសត្រូវក្នុងការអនុវត្តកំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិនេះ នៅតាមមូលដ្ឋានក្រុង ស្រុក ខណ្ឌរបស់ខ្លួន។ ឯកឧត្តមគូសបញ្ជាក់ឡើងវិញផងដែរនូវសមិទ្ធផលសំខាន់ៗមួយចំនួន ក៏ដូចជា ឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចងចាំនូវនិយមន័យ និងខ្លឹមសារ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុងបរិកាលនៃការអនុវត្តនយោបាយកំណែទម្រង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ថា នយោបាយកំណែនេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ ហើយមានលក្ខណៈស្មុគស្មាញ និងជាបញ្ហាសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ក៏ដូចជាទាមទារឲ្យមានការខិតខំប្រឹងប្រែងអនុវត្ត ហេតុដូចនេះហើយទើបសម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងអប់រំនេះ។

      ជាងនេះទៀត ឯកឧត្តម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ក្នុងនាមក្រុមប្រឹក្សារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចាត់ចែងកិច្ចការចាំបាច់នានានៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត និងជម្រុញឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងបំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបានស្របតាមច្បាប់ នីតិវិធីផ្សេងៗ។

       គួរជម្រាបជូនផងដែរថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ខែថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ