ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តការងារនគរបាល និងសហគមន៍
July 31, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតី ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាមយើងទទួលផែនសេនាធិការ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យើងត្រូវមានមោទនភាពចំពោះភារកិច្ចរបស់ខ្លួន និងមន្រ្តីក្រោមឱវាទ ហើយត្រូវចាត់ទុកថានេះជាភារកិច្ចដ៏សំខាន់ ព្រោះថាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅតាមូលដ្ឋាន គឺជាភារកិច្ចរបស់នគរបាលប៉ុស្តិ៍ ដែលថ្នាក់ដឹកនាំនៅខាងលើប្រគល់ជូន ដោយត្រូវខិតខំអនុវត្តតាមទម្រង់ការងារទាំង៤ របស់នគរបាល។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការខ្វះខាតកម្លាំងនៅតាមបណ្តាប៉ុស្តិ៍ ដែលនេះគឺជាបញ្ហាប្រឈមសត្យានុម័ត ហើយមូលហេតុនេះហើយដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ស្នើឲ្យស្នងការដ្ឋាន អធិការដ្ឋាន លៃកម្លាំងជួយគាំទ្រប៉ុស្តិ៍។

      ឯកឧត្តមអគ្គស្នងការរង បញ្ជាក់ថា នគរបាលប៉ុស្តិ៍ គឺជាស្នូលនៃសន្តិសុខ និងជាគ្រឹះសន្តិសុខរបស់ប្រទេសជាតិទាំងមូល។ នគរបាលប៉ុស្តិ៍ជាបង្អែកសម្រាប់ជម្រុញចលនាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប៉ុន្តែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព មិនមែនកម្មសិទ្ធឬសមត្ថកិច្ចផ្តាច់មុខរបស់នគរបាលប៉ុស្តិ៍ទេ គឺនៅមានអាជ្ញាធរ និងអង្គពាក់ព័ន្ធជាច្រើនទៀត ពិសេសការចូលរួមរបស់ពលរដ្ឋ។

      ជាមួយគ្នានេះត្រូវពង្រឹងប្រជាការពារ ដោយឡែកចំពោះការផ្សព្វផ្សាយវិញត្រូវធ្វើឲ្យចំមុខសញ្ញា និងចំគោលដៅ។ ឯកឧត្តម បន្តថា ចង់ឲ្យការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព មានប្រសិទ្ធភាពលុះត្រាការងារនគរបាល និងសហគមល្អ ហើយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាពលរដ្ឋ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍សំណូមពរឲ្យយកទិសដៅផ្សព្វផ្សាយឲ្យដល់នគរបាលប៉ុស្តិ៍ ហើយការសំខាន់សម្រាប់យើង គឺការគ្រប់គ្រងសភាពការណ៍ វិធានគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងមុខសញ្ញាល្មើស បទល្មើស ពិសេសការបម្រើសេវាបម្រើប្រជាពលរដ្ឋ ហើយគ្រប់ផ្ទះត្រូវតែស្គាល់លេខទូរស័ព្ទនគរបាលប៉ុស្តិ៍។

      ទទ្ទឹមនោះត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំអប់រំ និងលើកទឹកចិត្តដល់នគរបាលប៉ុស្តិ៍ ដោយមានកម្មវិធីចុះជួបឬក៏ហៅពួកគាត់មកជួប និងមានការប្រជុំតាមកាលកំណត់។ បើមានផែនការល្អប៉ុណ្ណាក៏ដោយបើគ្មានការតាមដានត្រួតពិនិត្យទេនោះវាមិនទទួលបានលទ្ធផលល្អនោះទេ។ ត្រូវធ្វើគំរូក្នុងការអនុវត្តច្បាប់ចរាចរ និងចូលរួមអនុវត្តវិធានសុខាភិបាល ដោយត្រូវអប់រំគ្រួសារ មន្ត្រីក្រោមឱវាទ និងសហការជាមួយអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋផងដែរ។

      តាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានបង្ហាញថា ប៉ុស្តិ៍នគរបាលសរុបមានចំនួន ១៦៤៦ប៉ុស្តិ៍ ក្នុងនោះប៉ុស្តិ៍ប្រភេទ១ មានចំនួន ១៤៦៣ប៉ុស្តិ៍, ប្រភេទ២មានចំនួន ១០៥ប៉ុស្តិ៍, ប្រភេទ៣ មានចំនួន ៣១ប៉ុស្តិ៍ និងប្រភេទ៤ មានចំនួន ៤៧ប៉ុស្តិ៍។ ដោយឡែកប៉ុស្តិ៍ដែលមានទីតាំងអគាររឹងមាំ ចំនួន ១០២២ប៉ុស្តិ៍ កើនឡើង ៧៦ប៉ុស្តិ៍(ធៀបជាមួយឆ្នាំ២០១៩), ប៉ុស្តិ៍មិនទាន់មានទីតាំងអគាររឹងមាំ ចំនួន ៥២៤ប៉ុស្តិ៍ ថយចុះ ២៧ប៉ុស្តិ៍(ធៀបជាមួយឆ្នាំ២០១៩), ប៉ុស្តិ៍មានដី គ្មានទីស្នាក់ការ ចំនួន ៧៩ប៉ុស្តិ៍ ថយចុះ ៩ប៉ុស្តិ៍(ធៀបជាមួយឆ្នាំ២០១៩), ប៉ុស្តិ៍គ្មានដី និងស្នាក់ការ ចំនួន ២១ប៉ុស្តិ៍ ថយចុះ ៤០ប៉ុស្តិ៍។ ចំពោះការកសាងស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ក្នុងឆ្នាំ២០២០នេះ មានចំនួន ៧១ប៉ុស្តិ៍ ក្នុង២៥រាជធានី-ខេត្ត។ ប៉ុស្តិ៍ដែលគម្រោងកសាងដោយថវិកាក្រសួងមហាផ្ទៃ មាន៤៤ប៉ុស្តិ៍ និងប៉ុស្តិ៍គម្រោងកសាងដោយថវិកាសប្បុរសជនរួមជាមួយថ្នាក់ដឹកនាំ ពីថ្នាក់ជាតិ អាជ្ញាធរ ស្នងការនគរបាលរាជធានី-ខេត្ត មាន២៧ប៉ុស្តិ៍។

      របាយការណ៍ដដែលបានបង្ហាញទៀតថា រយៈ៦ខែដើមឆ្នាំ២០២០នេះ នគរបាលមូលដ្ឋានទូទាំងប្រទេស បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងវិធានការផ្សេងៗរបស់រដ្ឋ បានចំនួន ៦៣.៨៩៨លើក មនុស្សចូលរួម ៣.៥៥២.២៩៩នាក់។ បានធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន បានចំនួន ៣០.៦២៨លើក មនុស្សចូលរួម ១.២២៥.០២២នាក់។

       ដោយឡែកចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់សព្វថ្ងៃ នគរបាលមូលដ្ឋានបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានចុះផ្សព្វផ្សាយតាមរូបភាពចាក់ឧឃោសនស័ព្ទ និងអប់រំដោយផ្ទាល់បានចំនួន ២១.២៨៦លើក មានមនុស្សចូលរួមស្តាប់ប្រមាណ ១.២៨១.០០០នាក់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ