សម្ដេចក្រឡាហោម ស ខេង៖ កិច្ចការពារពលករដែលធ្វើទេសន្តរប្រវេសន៍ទាំងអស់ គឺជាភារៈកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់
July 30, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជូញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា បញ្ហាទេសន្តប្រវេសន៍តែងតែមានភាពប្រឈមតិច ឬច្រើន ហើយក្នុងដំណាក់កាលនៃការរាតត្បាតនៃជម្ងឺខូវីដ ១៩នេះ ការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុដូចនេះ កិច្ចការពារពលករ ទាំងនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនានាដែលពលករបានធ្វើទេសន្តរប្រវេសន៍ គឺជាភារកិច្ចចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជនទេសន្តរប្រវេសន៍ដែលតែងទទួលរងនូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ជាអ្នកស្វែងរកការងារ ឬជាជនភៀសខ្លួនពីតំបន់មានគ្រោះអាសន្នជាដើម ហើយបើតាមការស្រាវជ្រាវនៅទូទាំងពិភពលោក ជនទេសន្តរប្រវេសន៍ភាគច្រើន ដែលស្ថិតក្នុងស្ថានភាពលំបាក និងរងគ្រោះ ភាគច្រើនជាអ្នកដែលគ្មានជំនាញ និងចាកចេញពីប្រទេសដោយមិនស្របច្បាប់។ សម្ដេចបានបន្ថែមថា ជនទេសន្តរប្រវេសន៍ដែលប្រថុយប្រថានចាកចេញ ដោយខ្វះកិច្ចការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាស កេងប្រវ័ញ្ចយកផលចំណេញពីស្ថានភាពទ័លច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរមនុស្ស រំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ តាមបែបទាសភាព ធ្វើឲ្យធ្លាក់ខ្លួនជរា ពិការ វង្វេងស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតផងដែរ។

      ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការរាតត្បាតនៃជម្ងឺខូវីដ១៩ បានធ្វើឲ្យបញ្ហាទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង និងបានឲ្យប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។ សម្ដេចក្រឡាហោម បានបន្ថែមថា ក្នុងអំឡុងពេលដែលប្រទេសគោលដៅមានការរឹតបន្តឹង និងបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺខូវិដ ១៩ ព្រមជាមួយគ្នានោះ ប្រទេសកម្ពុជាបាននឹងកំពុងទទួលសង្គ្រោះពលករ ដែលវិលត្រឡប់មកវិញដោយគេចវេសពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ។

      សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងខូវីដ ១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ និងស្រ្តីប្រមាណ៤៥ភាគរយ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ