ក្រសួងមហាផ្ទៃ និងតំណាងអន្តរក្រសួង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិពាក់ព័ន្ធនឹងបញ្ហា ទេសន្តរប្រវេសន៍ ដោយផ្ដោតសំខាន់លើវិស័យចំនួន០៤
July 30, 2020    អ្នកទស្សនា :

      វិស័យសំខាន់ៗចំនួន០៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលក្រសួងមហាផ្ទៃ រួមជាមួយតំណាងពីអន្តរក្រសួង នឹងយកមកពិភាក្សា ដើម្បីរៀបចំដាក់បញ្ចូលនូវគោលបំណងរួមដែលជាលទ្ធផល ទៅក្នុងផែនការសកម្មភាពឆ្នាំបន្តបន្ទាប់ ក្នុងការធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជា ទៅប្រទេសគោលដៅទាំងឡាយ ក៏ដូចជា ជនទេសន្តរប្រវេសន៍ដែលមកពីប្រទេសក្រៅចូលក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

      នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកសិក្ខាសាលាថ្នាក់ជាតិលើកទី២កម្រិតថ្នាក់ដឹកនាំ ស្ដីពីកត្តិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្រាប់វិស័យទាំង០៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលសម្តេចក្រឡាហោម បានលើកឡើងរួមមាន៖

១.ការការពារជនទេសន្តរប្រវេសន្ត៖ ទាំងជនទេសន្តរប្រវេសន្តប្រក្រតី និងជនទេសន្តរប្រវេសន្តមិនប្រក្រតី ទាំងអ្នកដែលមានគម្រោង ចាកចេញទៅធ្វើការក្រៅប្រទេស ទាំងអ្នកដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ទាំងអ្នកវិលត្រឡប់មកវិញ។

២.ការគ្រប់គ្រងទិន្នន័យ៖ ការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រា និងគ្រប់គ្រងឲ្យបានជាក់លាក់ នូវទិន្នន័យ ជនទេសន្តរប្រវេសន្តទាំងប្រក្រតី និងមិនប្រក្រតី ដើម្បីងាយស្រួលក្នុងការដាក់វិធានការឆ្លើយតបទៅនឹងស្ថានភាពនានា ដែលជាភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

៣.ការគាំទ្រដំណើរការ នៃការវិលត្រឡប់ និងការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍៖ ត្រូវការរៀបចំគោលនយោបាយ វិធានការ និងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យ លក្ខ័ណ្ឌនៃការបញ្ជូន វិធីបញ្ជូន ជាពិសេស ការកំណត់វិធានការការពារស្រ្តី និងកុមារ ដែលសង្ស័យថារងគ្រោះ ជាពិសេសដោយអំពើជួញដូរមនុស្ស។

៤.ការកំណត់ និងការផ្តល់អត្តសញ្ញាណដោយស្របច្បាប់ ជាពិសេសសម្រាប់កូនរបស់ជនទេសន្តរប្រវេសន្តកម្ពុជា ដែលបានកើតនៅក្រៅប្រទេសកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ