ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាក្នុងការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក
July 29, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាក្នុងការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដើម្បីឆ្លើយតបនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើនផងដែរ។

      លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអនុវត្តយ៉ាងសកម្មក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយមានការវិវឌ្ឈន៍ក្នុងសង្គមនាពេលបច្ចុប្បន្ន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានកំណត់នូវផែនការបន្តសម្រាប់អនុវត្តក្នុងការពង្រឹងយុទ្ធនាការសកម្មភាពនេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបន្តកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើជួញដូរមនុស្សនេះ។

      ជាងនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រួមទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហានេះ។ ហេតុដូចនេះហើយ នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺក្នុងន័យដើម្បី ពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចការងារ និងការរៀបចំរបាយការណ៍អោយឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងដោយបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ទៅលើការគាំទ្រ និងចូលរួមប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្សនេះផងដែរ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងសហការី ព្រមជាមួយកងកម្លាំងនគរបាល ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

      ឯកឧត្តម បន្តថា ចំពោះកិច្ចការនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងក្របខណ្ឌជាតិ ក្របខណ្ឌតំបន់ និងអន្តរជាតិ ដូច្នេះហើយទើបរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីប្រមូលធាតុចូល ព្រមទាំងគំនិតសំខាន់ៗជារួមក្នុងការពង្រឹងភាពច្បាស់លាស់ទៅលើការអនុវត្តសកម្មភាពនានាពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើរជួយដូរមនុស្ស ក្នុងការឆ្លើយតបទៅនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក។

      ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ ក៏នឹងពិនិត្យលើវិធានការនានាដើម្បីអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះឱ្យមានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមជាងនេះទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ