អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច លក្ខខណ្ឌការងារ របៀបរបបការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពក្រោមចំណុះ
July 29, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច លក្ខខណ្ឌការងារ របៀបរបបការងារ បញ្ហាប្រឈម និងសំណូមពររបស់អស់លោក លោកស្រី ជាអនុប្រធានការិយាល័យទាំងអស់ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាលចំណុះអគ្គាធិការដ្ឋាន។

      ឯកឧត្តមមានប្រសាសន៍ថា កិច្ចប្រជុំពេលនេះ ដើម្បីជួបសំណេះសំណាលគ្នា ស្វែងយល់ពីការបំពេញការងារ បញ្ហាប្រឈម និងសំនូមពរនានា។ ឯកឧត្តមបានចោទឡើងថា តើប្រធាននាយកដ្ឋាន ប្រធានការិយាល័យបានបែងចែកការងារជូនទេ កន្លងមកឯកឧត្តមបានស្នើលោកប្រធាននាយកដ្ឋាន ត្រូវបែងចែកការងារជូនដល់មន្ត្រីគ្រប់រូប និងប្រើប្រាស់ឱ្យអស់លទ្ធភាព ជាពិសេសត្រូវចេះចែករំលែកចំណេះដឹងបទពិសោធន៍ដល់គ្នា។

      ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការតែងតាំងមុខតំណែង មិនប៉ះពាល់ ឬចង់បានផលប្រយោជន៍ណាមួយពីបងប្អូននោះទេ ហើយបើមានអ្នកណាយកឈ្មោះឯកឧត្តមប្រើសុំប្រាប់មក ហើយការផ្តល់ជូនតែមន្ត្រីសកម្មប៉ុណ្ណោះ ជាការលើកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដែលលះបង់ដើម្បីអង្គភាព។

      ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់ការណែនាំមួយចំនួនមាន បញ្ហាអវត្តមានត្រូវសុំច្បាប់ឱ្យត្រឹមត្រូវ រក្សាឥរិយាបថ ក្រមសីលធម៌ វិជ្ជាជីវៈ កុំប្រកាន់បក្សពួក ត្រូវចាត់ទុកថាយើងជាមហាគ្រួសារតែមួយ ត្រូវមានមនសិការចំពោះការងារ រក្សាការសំងាត់ បំពេញការងារដោយទន់ភ្លន់តែមិនទាន់ជ្រាយ កុំយកការខឹង ឬស្រលាញ់មកលាយឡំនឹងការងារដែលនាំទៅរកភាពលំអៀង។

      ឯកឧត្តមបានជំរុញឱ្យខិតខំបង្កើនសមត្ថភាព ដោយខិតខំស្រាវជ្រាវស្វែងយល់ពីតួនាទីភារកិច្ចឱ្យបានច្បាស់របស់អគ្គាធិការដ្ឋាន នាយកដ្ឋាន ការិយាល័យ អង្គភាពថ្នាក់ជាតិ និងក្រោមជាតិក្រោមឱវាទក្រសួងមហាផ្ទៃ ព្រមទាំងលិខិតបទដ្ឋាននានា ដោយសារអង្គភាពយើងជាអ្នកត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់អង្គភាពទាំងនោះ។

      ឯកឧត្តមបានបន្តលើកឡើងទៀតថា ជៀសមិនផុតទេ ការអនុវត្តតាមគោលការណ៍ច្បាប់ ប្រាកដណាស់ជាមន្ត្រីខិលខូចមួយចំនួនមិនសប្បាយចិត្តនោះទេ តែមន្ត្រីល្អ និងប្រជាពលរដ្ឋពិតជាសប្បាយចិត្ត ដោយយើងបានចូលរួមចំណែកបម្រើជាតិ ដូចនេះ ឯកឧត្ដមស្នើ អស់លោក លោកស្រី ត្រូវរក្សាកិត្តិយស តម្លៃ បង្កើតស្នាដៃសម្រាប់ខ្លួន និងជូនអង្គភាព ដោយត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ មិនលំអៀង ចៀសវាងបម្រើ ឬទាញយកជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងនាមជាមន្ត្រីអធិការកិច្ច ដោយតម្កល់ខ្លួនទៅជាបូជនីយបុគ្គល ជាបុគ្គលគួរជាទីគោរព។

      ក្នុងឱកាសនោះដែរ លោកអនុប្រធានការិយាល័យ បានលើកឡើងជាយោបល់ ជាសំនូមពរជារួមមាន ១.បរិយាកាសកន្លែងបម្រើការងារ , ២.ចំណេះដឹងរបស់មន្ត្រីនៅមានកម្រិត, ៣.ស្នើសុំបើកវគ្គបំប៉ន ,៤.ខ្វះមន្ត្រីដោយសារមួយចំនួនមិនមកបម្រើការងារ,៥.សំណុំរឿង, ៦.សម្ភាប្រើប្រាស់ការិយាល័យ។

      ឯកឧត្តមបានឆ្លើយតបទៅវិញថា ចំពោះចំនុចទី១ រង់ចាំសិន កំពុងសិក្សា, ចំនុចទី២,ទី៣ បានចាត់ចែងហើយ ដោយកំពុងចងក្រងមេរៀន, ចំនុចទី៤ រក្សាចាស់ បង្កើនថ្មី តែបច្ចុប្បន្នមន្ត្រីចាស់បណ្តុះបណ្តាលសិន,ចំនុចទី៥ កន្លងមកបានជូននាយកដ្ឋានរដ្ឋបាល-សរុបមុខការក្នុងជ្រើសរើស តែទន្ទឹមនេះការិយាល័យជំនាញក៏ត្រូវពិនិត្យជ្រើសរើសបន្តកាន់តែសុក្រិតមួយជំហានទៀតដែរ និងចំពោះចំនុចទី៦ ជម្រាបទៅប្រធាននាយកដ្ឋានពិនិត្យជាក់ស្តែង រួចធ្វើសំណើរឡើងមក។

      ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណចំពោះរាល់យោបល់ សំនូមពរដែលបានលើកឡើង និងសង្ឃឹមថា អស់លោក លោកស្រី បន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីការរីកចម្រើនរបស់អង្គភាព និងក៏ដូចជាមុខមាត់ កិត្តិយសរួមផងដែរ មិនមែនសម្រាប់តែឯកឧត្តមនោះទេ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ