អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០
July 29, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្រ្តីចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាច្រើនរូបផងដែរ។

      នាឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំរីករាយ យ៉ាងខ្លាំង ដែលបានចូលរួមសំណេះសំណាលជាមួយបងប្អូន ដែលពាក់ព័ន្ធទៅនឹងលទ្ធផលការងារ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០»។ ឯកឧត្តមបន្ដថា ចំពោះលទ្ធផលការងារបូកសរុបរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានបំពេញការងារនាពេលកន្លងមក ជាពិសេស អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ទទួលបានលទ្ធផលល្អគួរឲ្យកត់ សម្គាល់ផងដែរ។ ជាការពិតណាស់ ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏នៅមានចំណុចខ្វះខាតខ្លះៗ ដែលអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវពង្រឹង និងប្រកាន់ភ្ជាប់ គោលដៅចំបងៗ ដែលមានកំណត់នៅក្នុងគោលការណ៍ច្បាប់។

      ជាងនេះទៅទៀត ឯកឧត្តមបានលើកឡើងថា ការងារសវនកម្មផ្ទៃក្នុង គឺជាការងារមួយដ៏លំបាក និងទាមទារអោយមានភាពច្បាស់លាស់បំផុត ដូចនេះមន្រ្តីទាំងអស់ត្រូវមានជំនាញ និងចំណេះដឹងពិតប្រាកដ ហើយមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះអ្វីៗទាំងអស់គឺមានការវិវត្តន៍ទៅមុខជានិច្ច។

      យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានឲ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ គម្រោងសាលាអភិបាលកិច្ច បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដូចខាងក្រោម ៖

ទី១-បានរៀបចំរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យការព្យាករណ៍ នៃការអនុវត្តចំណាយប្រចាំឆមាស។

ទី២-បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលចំនួន២វគ្គរួមមាន វគ្គបណ្ដុះបណ្ដាលស្ដីពីអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្ដល់សេវាសាធារណៈប្រកបដោយ គណនេយ្យភាព និងឆ្លើយតបតម្រូវការយេនឌ័រដែលមានសិក្ខាកាមសរុបចំនួន៧៥រូប។

និងទី៣-ក្រុមការងារបានប្រជុំពិនិត្យផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២០ និងអនុសារណៈយោគយល់គ្នា សៀវភៅណែនាំសម្រាប់ប្រតិបត្តិគម្រោង ព្រមទាំងបានរៀបចំរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យការព្យាករណ៍ នៃការអនុវត្តចំណាយប្រចាំឆមាស របស់គម្រោងសាលាអភិបាលកិច្ច៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ