សម្ដេចក្រឡាហោម ស ខេង ណែនាំនូវអនុសាសន៍៦ចំណុចដើម្បី ជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្តរបស់បណ្ឌិត្យសភាឱ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត
July 27, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ(២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

      ក្នុងពិធីបិទសន្និបាត សម្តេចក្រឡាហោម បានធ្វើការណែនាំ និងផ្តាំផ្ញើរនូវអនុសាសន៍ចំនួន៦ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្តរបស់បណ្ឌិត្យសភាឱ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀតដែលមានដូចខាងក្រោម៖

ទី១. អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញលើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១របស់បណ្ឌិត្យសភាដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួលជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល។

ទី២. អង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស។

ទី៣. បណ្ឌិត្យសភាត្រូវបន្ដកសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឱ្យមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។

ទី៤.បណ្ឌិត្យសភាត្រូវជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា។

ទី៥.ទាក់ទងទៅនឹងសារៈមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មីក្នុងបរិវេណបណ្ឌិត្យសភា ក្នុងន័យនេះ សម្តេចក្រឡាហោម ស្នើសុំ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ប៊ុណ្ណារិន ឯកឧត្ដម សេង យូអ៊ាន់ និងឯកឧត្ដម សេង ផល្លី ត្រូវជួបប្រជុំពិភាក្សាគ្នាអំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារៈមន្ទីរនគរបាលជាតិនេះ។

ទី៦.បណ្ឌិត្យសភាត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ