សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យលើ​ការងារ​តភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់​ប្តូរទិន្នន័យ
July 16, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការចុះ​បញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) ដោយមានការចូលរួមពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការ​ដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យើងនឹងពិភាក្សាគ្នាពីការ​តភ្ជាប់នូវ​ប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងពិនិត្យមើល ហើយសិក្សាបន្តទៀតទាក់ទងនឹង​ការ​តភ្ជាប់បណ្ដាញទិន្នន័យរបស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ​ផ្សេងៗ​សម្រាប់ប្រើប្រាស់នូវឯកសារអត្តសញ្ញាណកម្ម ហើយយើងអាចមាន​គោលការណ៍រួម​មួយ​​ដើម្បីដោះស្រាយបញ្ហានេះ។

      ឯឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់​ដោយ​​ស្វ័យប្រវត្តិជាមួយប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីទាញយកអត្តសញ្ញាណ រួមទាំងរូបថត និងស្នើចាត់ក្រុមការងារធ្វើការផ្ទាល់ជាមួយអគ្គនាយក​ដ្ឋានអត្តសញ្ញាណ​កម្ម លើកិច្ចការអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីសិក្សាលើការងារបច្ចេកទេស​តភ្ជាប់ និងទាញយកទិន្នន័យ សម្រាប់បម្រើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន។

      ឯកឧត្តមបានបន្ថែមថា ក្រោយពីបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំសមាសភាពក្រុមបច្ចេកទេស ក្នុងការ​បំពេញការងារជាមួយក្រុមបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបង្កើតបានក្រុមបច្ចេកទេសអន្តរក្រសួងមួយ ហើយក្រុមបច្ចេកទេសទាំង​ពីរធ្វើការងារជាបន្តបន្ទាប់ ដោយមានជំនួយពីក្រុមហ៊ុនដៃគូរផងដែរ។ ឯកឧត្តមក៏បាន​បញ្ជាក់ដែរថា មកដល់បច្ចុប្បន្នមានប្រហែល១០០ក្រុមហ៊ុន ដែលបានចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសំណុំឯកសារ បើគិតចាប់តាំងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដំណើរការការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CAMDX ហើយនេះថាជាការសាកល្បងរបស់ក្រសួងទាំងពីរ។

      សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរ​ទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល ដោយមានលក្ខណៈពិសេសចំនួន៥ រួមមាន៖ ការប្រើ​ប្រាសទម្រង់ប្រព័ន្ធអេកូ (EcoSystem), ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទិន្នន័យ, មិនមានជ្រៀតជ្រែកការគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាម​ដានមើលការប្រើប្រាស់ តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ, និងអនុលោមតាម​គោលការណ៍ផ្លាស់ប្ដូរទិន្នន័យតាមផែនមុខងារAPI៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ