សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបពិភាក្សាការងារ
July 15, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      ជាកិច្ចចាប់ផ្តើម ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តម និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដែលតែងតែជួយគាំទ្រក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ជាពិសេសលើកិច្ចគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

      ក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏បានអរគុណដូចគ្នាចំពោះសម្តេចក្រឡាហោម ដែលជួយសម្រួលពាក់ព័ន្ធនឹងការងារអន្តោរប្រវេសន៍ដល់ពលរដ្ឋ និងអ្នកទេសចរណ៍អាល្លឺម៉ងក្នុងស្ថានភាពនៃជំងឺកូវីដ១៩។ ឯកឧត្តមបន្ថែមទៀតថា គោលបំណងនៃជំនួបពិភាក្សានៅថ្ងៃនេះ ទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយឯកឧត្តមចង់ដឹងថាអ្វីជាទស្សនវិស័យនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាកំណែទម្រង់នេះពិតជាមានសារៈសំខាន់ណាស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បង្ហាញនូវឆន្ទៈក្នុងការជួយគាំទ្រដល់ដំណើរនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាបន្តទៀតផងដែរ។

       ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ១៩ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ន្ធពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខិតខំប្រឹងប្រែងធ្វើការងារគ្រប់គ្រងជំងឺនេះ បានយ៉ាងជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានធ្វើការកោតសរសើរចំពោះក្រសួងមហាផ្ទៃដែលបានជំរុញបង្កើត ក៏ដូចជាដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ បានកាន់តែច្រើនឡើងថែមទៀត ជាក់ស្តែងការដាក់ឱ្យការផ្តល់ សេវានៅតាមមូលដ្ឋានដូចជាការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារជាដើម។ ឯកឧត្តមបានបង្ហាញនូវចំណាប់អារម្មណ៍ចង់ធ្វើទស្សនកិច្ចផ្ទាល់ទៅកាន់មូលដ្ឋានដែលកំពុងដំណើរការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការ ជាពិសេសគឺខេត្តបាត់ដំបងដែលជាខេត្តសាកល្បងលើកិច្ចការនេះ។

      ជាការឆ្លើយតប សម្តេចក្រឡាហោម អរគុណចំពោះការវាយតម្លៃខ្ពស់របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតទៅលើវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការនៅកម្ពុជា ដែលធ្វើឲ្យការងារទទួលបានជោគជ័យតាមពេលវេលាដែលបានកំណត់។ មកដល់ពេលនេះ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការ បានដំណើរការមកដល់ឆ្នាំបញ្ចប់នៃដំណាក់កាលទី១ ដែលមានរយៈពេល១០ឆ្នាំ ខណៈពេលនេះរាជរដ្ឋាភិបាលកំពុងតែពិនិត្យពិចារណារលើរយៈពេលនៃការបន្តកំណែទម្រង់ ដំណាក់កាលទី២។

      ដោយឡែកពាក់ព័ន្ធទៅនឹងដំណើរការ ការិយាល័យច្រកចេញចូលតែមួយ សម្តេចក្រឡាហោម មានប្រសាស៍ផងដែរថា មកដល់ពេលនេះ យើងបានរៀបចំនៅតាមគ្រប់បណ្តាខេត្តហើយ ដោយចំពោះនៅតាមបណ្តាស្រុកវិញ គឺរៀបចំបាន៥០ភាគរយព្រមទាំងបន្តធ្វើការពង្រីកបន្ថែមទៀត។ ជាចុងក្រោយសម្តេចក្រហោម បានបង្ហាញឆន្ទៈនូវការត្រៀមខ្លួនជានិច្ច ក្នុងការបន្តជជែកពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតក្នុងការបំរើដល់វឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការកាន់តែប្រសើរឡើងតទៅមុខទៀត៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ